រយៈពេល៨ថ្ងៃ នៃយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅតាមបណ្តាខ្នងផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានជិត ៨ពាន់នាក់

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថា រយៈពេល ៨ថ្ងៃ នៃយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូន ប្រជាពលរដ្ឋនៅតាមបណ្តាខ្នងផ្ទះនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺបានធ្វើជូនប្រជាពលរដ្ឋ សរុបរួមបានចំនួន ៧៨៧៨នាក់ ។ ហើយប្រជាពលរដ្ឋជាច្រើនទាំងបណ្តាខណ្ឌទាំង ១៤ បានចូលរួមសហការ និងអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណបានច្រើន។

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍ថា សកម្មភាពរបស់កងកម្លាំងដែលអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺពួកគាត់ពេញចិត្ត និងធ្វើការងារបានល្អ ល្អត្រង់ថា ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ពេលយប់ ហើយនៅពេលដែលពួកគាត់ចេញពីធ្វើការ គឺពួកគាត់អាចឆ្លៀតពេលធ្វើបាន និងមានភាពងាយស្រួល។

អ្នកនាំពាក្យបានបន្តថា ទាក់ទងការប្រើប្រាស់កម្លាំងនេះ គឺមិនមានប៉ះពាល់ដល់កិច្ចការងារផ្សេងៗទេ ដោយមានការបែងចែង និងការទទួលខុខសត្រូវដាច់ដោយឡែក។ ហើយការចូលរួមធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនេះ គឺមានការចូលរួមពីការិយាល័យអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ អធិការនគរបាលខណ្ឌ និងប៉ុស្តិ៍ គឺប្រើប្រាស់ជំនាញខាងការិយាល័យអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ បើសិនជានៅខណ្ឌ គឺផ្នែកអត្តសញ្ញាណកម្មសញ្ជាតិខ្មែរតាមខណ្ឌទាំងនោះ ជាអ្នកធ្វើជូនប្រជាពលរដ្ឋ៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២