ក្រសួងបរិស្ថានលើកទឹកចិត្តដល់វិស័យឯកជន សិស្ស និស្សិត ដែលមានគំនិត និងនាំគ្នាកែច្នៃកាកសំណល់ប្លាស្ទិក ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម អ៊ាង សុផល្លែត  រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីការជំរុញលើកទឹកចិត្តបន្ថែមលើវិស័យឯកជន ក៏ដូចជាសិស្ស និស្សិតដែលកំពុងមានភាពនវានុវត្ត ចូលរួមកែច្នៃកាកសំណល់ប្លាស្ទិក ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។ ការជម្រុញនេះធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយស្តីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្តថា សិក្ខាសាលានេះគឺជាការបោះជំហានថ្មីបន្ថែមទៀត ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំគោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ លើការកាត់បន្ថយការប្រើប្រាស់ ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក ឱ្យស្របតាមគោលនយោបាយការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០ ក៏ដូចជា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ផងដែរ។ ការគិតគូររៀបចំ និងការអនុវត្តនូវវិធានការគោលនយោបាយនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋទូទៅ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានបន្ថែមថា គោលដៅផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសំរាម សំណល់រឹង ជាពិសេសសំណល់ប្លាស្ទិក និងជំរុញឱ្យមានការយល់ដឹងនិង ចូលរួមកាន់តែសកម្មបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យសាធារណៈ ឯកជន និងប្រជាពលរដ្ឋទូទៅ ។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ការរីកចម្រើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងតម្រូវការជាក់ស្តែង បានធ្វើឱ្យមានការប្រើប្រាស់ ផលិតផលប្លាស្ទិកកើនឡើង ជាពិសេសការប្រើប្រាស់ប្លាស្ទិកដែលប្រើតែមួយដង ដោយសារតែភាពងាយស្រួលរកបាន ភាពបត់បែន និងមានតម្លៃថោក ប៉ុន្តែប្លាស្ទិកទំាងអស់នេះបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខុមាលភាព បរិស្ថាន និងសង្គម ។

វិធានការគោលនយោបាយស្តីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី»  គឺជាផ្នែកមួយនៃការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងកិច្ចគាំពារបរិស្ថាន ដោយអនុលោមតាមការចង្អុលបង្ហាញរបស់ គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣ ដែលមានចក្ខុវិស័យ «រួមចំណែកធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា កាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងសោភ័ណភាព សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិឌ្ឍសេដ្ឋកិច្ចដ៏ឆាប់ រហ័ស» និងអនុវត្តគោលការណ៍សកល ៣អ៊ែ (3Rs) រួមមាន ការកាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២