កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជា ១១ លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៧ លាននាក់ នៅឆ្នាំ២០២៣

ភ្នំពេញ៖ «កម្ពុជារំពឹងថាអាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជា ១១ លាននាក់ ក្នុងឆ្នាំ២០២៣» តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៧ លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ជាមួយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលលោកនានា ខណៈដែលរយៈពេល ១០ខែ ឆ្នាំ២០២២នេះ យើងទទួលបានភ្ញៀវអន្តរជាតិ ប្រមាណជា ១,៥ លាននាក់ និងរំពឹងថានឹងទទួលបានប្រមាណ ២ លាននាក់ សម្រាប់ឆ្នាំ២០២២នេះ។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅក្នុងឱកាសបើកសន្និសីទអន្តរជាតិស្តីពី “ការអភិវឌ្ឍន៍ និងការអភិរក្សឆ្នេរសមុទ្រ” កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ។

រដ្ឋមន្ត្រីទេសចរណ៍បានបន្តទៀតថា ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២២នេះ តំបន់ឆ្នេររំពឹងទទួលបានទេសចរផ្ទៃក្នុងសរុបប្រមាណ ៦,៣០ លាននាក់ កើនឡើង ១៩២% ប្រៀបធៀបឆ្នាំ២០២១ ក្នុងនោះ ទេសចរជាតិប្រមាណ ៥,៨៥ លាននាក់ កើនឡើង ១៨៥% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៤៥ ម៉ឺននាក់ កើនឡើង ៣១០%។ ដោយឡែក ខេត្តព្រះសីហនុនឹងទទួលបានទេសចរផ្ទៃក្នុងសរុបប្រមាណ ៣,៦៥ លាននាក់ កើនឡើង ២២៦% ប្រៀបធៀបឆ្នាំ២០២១ ក្នុងនោះ ទេសចរជាតិប្រមាណ ៣,៣០ លាននាក់ កើនឡើង ១៩៧% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៣៥ ម៉ឺននាក់ កើនឡើង ៣៤០%។

ឯកឧត្តម រដ្ឋមន្រ្តីបានបន្ថែមថា ទន្ទឹមនឹងនេះ កម្ពុជាត្រូវបង្កើននូវកិច្ចខិតខំការពារ និងអភិរក្សនូវធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្តនៅតំបន់ឆ្នេរសមុទ្ររបស់យើងឲ្យហ្មត់ចត់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ស័ក្តិសមនឹងអ្វីដែលយើងប្រសិទ្ធនាមថា “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ” ហើយឆ្នេរសមុទ្រកម្ពុជាក៏ស័ក្តិសមជា “តារារះនាទិសនិរតី” ផងដែរ។ ទាំងនេះជាកិច្ចការចំពោះមុខ ពីព្រោះកម្ពុជា ក៏ដូចជាពិភពលោកអាចនឹងប្រឈមជាមួយបញ្ហាស្មុគស្មាញមួយចំនួន ដែលចាំបាច់ត្រូវពិចារណាដោះស្រាយ ក្នុងនោះមានការរៀបចំហេដ្ឋារចនាសម័្ពន្ធនៅតាមឆ្នេរ ការសាងសង់នៅតាមបណ្តោយឆ្នេរ លើដីចំណីឆ្នេរ និងតំបន់រណប បញ្ហាសំណល់រឹង និងរាវ ការប្រើប្រាស់ទឹក បញ្ហាថាមពល សកម្មភាពមួយចំនួនដែលអាចប៉ះពាល់ដល់ធនធានក្រោមសមុទ្រ និងការគ្រប់គ្រងលើគ្រប់សេវាដែលពាក់ព័ន្ធ ជាពិសេសការគ្រប់គ្រងសកម្មភាពទេសចរណ៍មួយចំនួន ដែលមិនគោរពតាមបទដ្ឋានបរិស្ថាន និងមិនមានការទទួលខុសត្រូវ ហើយដែលបញ្ហាទាំងអស់នេះ ស្ថិតជាកម្មវត្ថុសំខាន់នៃសន្និសីទអន្តរជាតិនាថ្ងៃនេះ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២