កម្ពុជារកចំណូលពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនបានរហូតដល់ ៨៥លានដុល្លារ

គិតមកដល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូនលក់លេខពិសេសបានប្រមាណជាង ២១៥ ពាន់លេខ ទទួលបានចំណូលសរុបប្រមាណជាង ២៣១ ពាន់លានរៀល (៥៧លានដុល្លារអាមេរិក) និងលេខពិសេសផ្ទាល់ខ្លួនលក់បានប្រមាណជាង១៥ពាន់លេខ ទទួលបានចំណូលសរុបប្រមាណជាង១១២ពាន់លានរៀល (២៨លានដុល្លារអាមេរិក)។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២នេះ។

នៅក្នុងឱកាសនោះ លោកជំទាវ កុយ សុដានី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំចូលរួមផ្តល់ មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុលសំដៅធ្វើយ៉ាងណាឱ្យការរៀបចំផែនការសកម្មភាព ពិព័រណ៍ផា្លកលេខពិសេស និងរថយន្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការរៀបចំប្រារព្ធខួប ៣ឆ្នាំនៃការលក់លេខពិសេសផ្ទាល់ខ្លួនអាចប្រព្រឹត្តទៅបានដោយរលូន ។

លោកជំទាវក៏បានគូសបញ្ជាក់បន្ថែមទៀតថា ចំណូលមួយចំនួនដែលបានមកពីកម្មវិធីពិព័រណ៍ការលក់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងត្រូវយកទៅរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

បើយោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងបានឱ្យដឹងថា៖ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់បានសរុបប្រមាណជាង២៣១ពាន់លេខ ទទួលបានចំណូលសរុបប្រមាណ ជាង៣៤៣ពាន់លានរៀល ស្មើនឹង៨៥លានដុល្លារអាមេរិក។ ក្នុងនោះ លេខពិសេសលក់បានប្រមាណជាង២១៥ពាន់លេខ ទទួលបានចំណូលប្រមាណជាង២៣១ពាន់លានរៀល ស្មើនឹង៥៧លានដុល្លារ អាមេរិក និងលេខពិសេសផ្ទាល់ខ្លួនលក់បានប្រមាណជាង១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារអាមេរិក។

ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបប្រមាណជាង៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២