ហាង Jumbo Seafood និង ហាង Cambodia Mastercraft Microbrewery ត្រូវបានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន

ហាង Jumbo Seafood និង ហាង Cambodia Mastercraft Microbreweryនេះ មានទីតាំងស្ថិតនៅក្នុងផ្សារទំនើបជីបម៉ុង មហាម៉ល ២៧១ ត្រូវបានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ។

នៅក្នុងឱកាសនៃពិធីសម្ភោធហាងនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ត្យូ ឡេឆេង(TEO LAY CHENG) ឯកអគ្គរដ្ឋទូត សិង្ហបុរីប្រចាំនៅព្រះរាចជាណាចក្រកម្ពុជា លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង អ្នកឧកញ៉ា លាង ឃុន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនជីបម៉ុង លោកស្រី គ្រីស្ទីណា គង់ នាយកប្រតិបត្តិក្រុមហ៊ុន ចាំ បូស៊ីហ្វូតផងដែរ។លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា​ ខ្ញុំមានសេចក្តី សោមនស្សរីករាយ ដោយបានចូលរួមជាអធិបតី ក្នុងកម្មវិធីសម្ភោធ ចាំប៊ូ ស៊ីហ្វូត និង ភោជនីយដ្ឋាន ខេមបូឌៀ ម៉ាស្ទ័រកាហ្វ ម៉ៃ ក្រូបូរី ដែលមានទីតាំងស្ថិតនៅក្នុង ផ្សារទំនើបជីបម៉ុងមេហ្គេមល ២៧១ ដែលស្ថិតនៅតាមដងវិថីសម្តេចតេជោ រាជធានីភ្នំពេញ នាពេលនេះ ។ទោះបីជាស្ថិតក្នុងបិរការណ៍កូវីដ-១៩ នៅបណ្ដាប្រទេសលើពិភពលោក បាននឹងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងមកលើវិស័យសេដ្ឋកិច្ច សង្គម និង ទេសចរណ៍ជាដើម ។ល។ ប៉ុន្តែ ក្រុមហ៊ុន ជីប ម៉ុង មិនបានផ្អាកដំណើរការនោះទេ នៅតែបន្តនូវអាជីវកម្មវរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ ក្រោមជំនឿទុក ចិត្ត យ៉ាងមុតមាំ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងបានលើកទឹកចិត្ត និងជួយសម្របសម្រួល គ្រប់បែបយ៉ាងដល់អ្នកវិនិយោគិន ក្រោមដំបូលនៃម្លប់សុខសន្តិភាព ។

អាស្រ័យដោយកត្តាអំណោយផលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ជាក់ស្តែងក្នុង ឆ្នាំ២០២២ នេះ ព្រះរាជាណាចក្រកម្ពុជាមានមហាកិត្តិយសដ៏ធំធេងលើឆាកអន្តរជាតិ និងជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និង ជោគជ័យនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ព្រមទាំងកិច្ច ប្រជុំកំពូលពាក់ព័ន្ធនានា បានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និង កិត្យានុភាពជាតិដ៏ក្រៃលែងមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេស មនុញ្ញផលនេះ នឹងផ្តល់នូវសក្តានុពលយ៉ាងសំខាន់ដល់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ។ ក្រុមហ៊ុនបានសម្លឹងឃើញអំពីកំណើនប្រជាជនស្ថិតនៅក្នុងតំបន់ដែល មានដង់ស៊ីតេខ្ពស់ ហ៊ុំព័ទ្ធដោយគម្រោងធំៗ និងការអភិវឌ្ឍន៍ចម្រុះដែល ក្រុមហ៊ុន បានបង្កើតជាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្សារទំនើបដែលប្រមូលផ្តុំនូវ «ពិភពនៃប្រេនល្បីៗ» ។

ទន្ទឹមនឹងនោះវត្តមានរបស់ភោជនីយដ្ឋានចាំប៊ូ ស៊ីហ្វូត និង ខេមបូឌៀ ម៉ាស្ទ័រកាហ្វ ម៉ៃក្រូប្រូវីរី ក៏ចាប់ផ្ដើមមានវត្តមាន នៅព្រះរាជាណចក្រកម្ពុជា បើកទ្វាររងចាំស្វាគមន៍ និងបម្រើសេវាកម្មជូនដល់ បងប្អូនទាំងអស់គ្នា ដូចដែលយើងបាននឹងកំពុងតែសម្ភោធដាក់ឲ្យដំណើរការ នៅក្នុងថ្ងៃនេះ ។

លោកជំទាវកិតិ្តសង្គហបណ្ឌិតបានមានប្រសាសន៍បន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមអបអរសាទរ និងកោតសរសើរ ចំពោះ លោកស្រី គ្រីស្ទីណា អាង ឈី ហ័ន នាយកប្រតិបត្តិក្រុមហ៊ុន ចាំបូស៊ីហ្វូត ដែលបានខិតខំដាក់ទុនវិនិយោគធ្វើអាជីវកម្មលើវិស័យ ភោជនីយ ដ្ឋាន ដែលមានរស់ជាតិ មានគុណភាព ដែលជាភោជនីយដ្ឋានគ្រឿងសមុទ ដែលល្បីឈ្មោះបំផុតនៅប្រទេសសិង្ហបុរី ជាភោជនីយដ្ឋានដែលទទួលបានចំណាត់ថ្នាក់ល្អ ជាប់ៗគ្នា ក្នុងការចម្អិនគ្រឿងសមុទ្រល្អឥតខ្ចោះ ហើយក៏ជាភោជនីយដ្ឋាន ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា ក៏ដូចជាអ្នកចូលចិត្តទទួលទានគ្រឿងសមុទ្រនៅទូទាំងពិភពលោកផងដែរ ។ ចំណែកឯ ខេមបូឌៀ ម៉ាស្ទ័រកាហ្វ ម៉ៃក្រូប្រូវើរី គឺជាហាងដែលមានការផ្ដល់ជូននូវម្ហូបឆ្ងាញ់ៗ និងស្រាបៀរស្រស់មានរសជាតិថ្មីទើបតែផលិតថ្មីៗ ដែលត្រូវបានផលិតជាលើកដំបូងដោយក្រុមហ៊ុនដ៏ល្បីក្នុងស្រុកគឺ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។ ខ្ញុំសង្ឃឹមថា ភោជនីយដ្ឋានដែលសម្ពោធថ្មីនៅក្នុងថ្ងៃនេះ មិនត្រឹមតែ ជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេស គឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូន ដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្ដាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតឱកាស ការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

នៅពេលបច្ចុប្បន្ននេះ វិនិយោគិន ធុរជន ពាណិជ្ជករ និងវិស័យឯកជន បាន នឹងកំពុងរីករាយទទួលយកនូវមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព ការបង្រួប បង្រួមជាតិ ប្រជាធិបតេយ្យ និងការបើកទូលាយក្នុងការធ្វើអាជីវកម្មស្របច្បាប់ គ្រប់ប្រភេទ ហើយស្ដង់ដារស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ កាន់តែមានភាពល្អប្រសើរឡើង ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសផលិតផល ម្ហូបអាហារ-ភេសជ្ជៈដែលមានគុណភាព- អនាម័យ និងការបើកអាជីវកម្មដ្ឋាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋទូទៅ។ ខ្ញុំក៏សូមអំពាវនាវដល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងមកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យបានច្រើន ពិសេស វិស័យម្ហូបអាហារ ដើម្បីជួយឱ្យ សេដ្ឋកិច្ចប្រទេសកើនឡើង និងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងជាការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២