អ្នកឧកញ៉ា លាង ឃុន ៖ វត្តមានភោជនីយដ្ឋាន ចាំប៊ូ ស៊ីហ្វូត និង ភោជនីយដា្ឋន ខេមបូឌៀ ម៉ាស្ទ័រកាហ្វ្រ ម៉ៃក្រូវើរី នៅកម្ពុជានាពេលនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពសេដ្ឋកិច្ចដ៏រីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

នៅក្នុងពិធីសម្ភោធជាផ្លូវការនៃភោជនីយដ្ឋានទាំងពីរ នាថ្ងៃទី២២ ខែធ្នូនេះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាបធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ក្នុងនាមជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ខ្ញុំបាទពិតជាមានកិត្តិយស និងមោទនភាពក្រៃលែង ក្នុងការដាក់សម្ពោធជាផ្លូវការ  ភោជនីយដ្ឋានចំនួន ២ ព្រមគ្នា គឺ ភោជនីយដ្ឋាន ចាំប៊ូ ស៊ីហ្វូត និង ភោជនីយដ្ឋាន ខេមបូឌៀ ម៉ាស្ទ័រកាហ្វ្រ ម៉ៃក្រូប្រូវីរី នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់យើងខ្ញុំនាព្រឹកនេះ។ ដូចភ្ញៀវកិត្តិយស និងអតិថិជនបានជ្រាបរួចមកហើយថា ចាំ ប៊ូ ស៊ីហ្វូត គឺជាភោជនីយដ្ឋានគ្រឿងសមុទ្រដ៏សម្បូរបែប និងល្បីល្បាញ ដែលមានបទពិសោធជាង ៣០ ឆ្នាំក្នុងការបម្រើអាហារក្នុងប្រទេសសិង្ហបុរី និងអន្តរជាតិ ព្រមទាំងបានទទួលពានរង្វាន់ ប៊ើស ឆីលី ក្រេប នៅប្រទេសសិង្ហបុរី ហើយបច្ចុប្បន្ននេះ ឱជារសដ៏ពិសេសនេះ បានមកដល់ប្រទេសកម្ពុជាហើយ។ ចំណែកឯ ខេមបូឌៀ ម៉ាស្ទ័រកាហ្វ ម៉ៃក្រូប្រូវើរី គឺជាភោជនីយដ្ឋាន ស្រាបៀរស្រស់រសជាតិថ្មីដំបូងគេបង្អស់ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានផ្តល់ជូននូវ មុខម្ហូបឆ្ងាញ់ៗ និងមានតែមួយគត់នៅប្រទេសកម្ពុជាគឺនៅផ្សាទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នេះតែម្តង។ ខ្ញុំបាទជឿជាក់ថា វត្តមានភោជនីយដ្ឋានទាំងពីរនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាង ច្បាស់ពីស្ថានភាពសេដ្ឋកិច្ចដ៏រីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស បានរំលេចនូវចំណងមិត្តភាពរវាងកម្ពុជា និងសិង្ហបុរី លើកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្មជាអន្តរជាតិ ដូចនេះខ្ញុំបាទសូមឱ្យមានការគាំទ្រពីសំណាក់ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ចំពោះភោជនីយដ្ឋាននេះ។

អ្នកឧកញ៉ា លាង ឃុន បានមានប្រសាសន៍បន្តទៀតថា ភាពរីកចម្រើន និងអំណោយផលនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅកម្ពុជាអាចកើតឡើងទៅបាន ដោយមានការដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយនិរន្តរភាព ដែលផ្អែកលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិជាសំខាន់ និងជាពិសេសជួយជំរុញគោលនយោបាយនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមបញ្ជាក់ថា ក្រោមបរិយាកាសវិនិយោគដ៏អំណោយផល រួមផ្សំនឹងបទពិសោធចាស់ទុំរបស់ក្រុមហ៊ុន ជីប ម៉ុង, ក្រុមហ៊ុន ជីប ម៉ុង រីថែល អាចសម្រេចបានភាពជោគជ័យជាបន្តបន្ទាប់ ក៏ដូចជាទទួលបានទំនុកចិត្ត និង ការគាំទ្រគ្រប់ទិសទីពីសំណាក់អតិថិជន និងដៃគូសហការវិនិយោគជាច្រើន តាមរយៈ ការនាំយកផលិតផល សេវាកម្មប្រកបដោយគុណភាពខ្ពស់ ជាពិសេសបានបង្កើត មជ្ឈមណ្ឌលផ្សារទំនើបធំៗដ៏ទាក់ទាញ ដែលចូលរួមបង្កើនគុណភាពជីវិត បង្កើន ការងារ និងផ្តល់នូវភាពរស់រវើក និងស៊ីវីល័យដល់សហគមន៍យើងផងដែរ។

សម្រាប់ចក្ខុវិស័យខាងមុខ ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងប្តេជ្ញាយ៉ាងមុតមាំក្នុងការឈរជួរមុខនៅក្នុងវិស័យផ្សារទំនើប និងលក់រាយ និងបន្តស្វែករកទីផ្សារពាណិជ្ជកម្មថ្មីៗទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីបំពេញតម្រូវការអតិថិជន ក៏ដូចជាចូលរួមលើកកម្ពស់ដល់វិស័យពាណិជ្ជកម្មជាតិ និងសេដ្ឋកិច្ចជាតិ។ ខ្ញុំក៏សូមរំលឹកផងដែរថា ក្រុមហ៊ុន ជីប ម៉ុង មានវត្តមានលើទីផ្សារកម្ពុជា ជាង ៤ទសវត្សរ៍មកហើយ និងមានពាណិជ្ជកម្មចំនួន ១៣ រួមមានវិស័យសំណង់ អភិវឌ្ឍអចលនទ្រព្យ រោងចក្រផលិតភេសជ្ជៈ ផ្សារទំនើប ធនាគារ សណ្ឋាគារ និងទី លានវាយកូនហ្គោល។ ភាពរីកចម្រើនទាំងនេះ អាចសម្រេចទៅបាន ដោយមានកិច្ច សហប្រតិបត្តិការដ៏ស្អិតរមួតជាមួយដៃគូសហការទាំងក្នុងស្រុក និងក្រៅស្រុក ដែលធ្វើ ឱ្យជីប ម៉ុង អាចចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២