ក្នុងឆ្នាំ២០២២ កម្ពុជារកចំណូលបានពីការនាំចេញអង្ករ និងស្រូវទៅកាន់ទីផ្សារអន្តរជាតិបានជាង ១២៥៥ លានដុល្លារ

រយៈពេល ១២ខែ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ក្រុមហ៊ុន បានធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ ប្រទេស ដែលក្នុងនោះរួមមាន៖ ប្រទេសចិនរួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០ តោន ឬស្មើនឹង ៤៥%, ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានបរិមាណនាំចេញសរុបចំនួន ២២១ ៥០៤ តោន ឬស្មើនឹង ៣៥%, ប្រទេសសមាជិកអាស៊ានចំនួន ៤ប្រទេស បានបរិមាណនាំចេញសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្សី អ៊ុយក្រែន ។ល។ ចំនួន ២៧ ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន ដែលមានតម្លៃសរុបចំនួន ៤១៤.២៩ លានដុល្លារសហរដ្ឋអាមេរិក។

បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ប្រភេទអង្ករដែលកម្ពុជាបានធ្វើការនាំចេញទាំងនោះរួមមាន៖ អង្ករក្រអូបប្រណិត បានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% ,អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០ តោន ឬស្មើនឹង ២៨%, អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% ,អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២%,អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។

សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៤៧៧ ៨៨៦ តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩ លានដុល្លារសហរដ្ឋអាមេរិក៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២