ក្រុមហ៊ុនថ្មីពីរទើបទទួលបានការចុះបញ្ជីពីរដ្ឋាភិបាល គ្រោងបោះទុនជាង៤៥លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា

តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួនពីរ ដែលមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាមួយទុនវិនិយោគសរុបចំនួន ៤៥,៤លានដុល្លារ និងអាចបង្កើតការងារបានជាង៦០០០កន្លែង។

ក្រុមហ៊ុនដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគរបស់ខ្លួនទាងពីរនោះរួមមាន៖

 

១-ក្រុមហ៊ុន“AROMA SUCCESS GARMENT CO., LTD”មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងបោះទុនវិនិយោគប្រមាណជា ៣៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។

២-ក្រុមហ៊ុន“QI HENG XIN FACTORY CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ដីឡូតិ៍លេខ២៧៨៧ តំបន់ A ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល គ្រោងបោះទុនវិនិយោគប្រមាណជា ៨,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៩៣០កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២