ហាងទំនិញល្បីៗចំនួន ៦ មានវត្តមាននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ត្រូវបានសម្ពោធជាផ្លូវក្នុងពេលតែមួយ

ហាងទំនិញល្បីៗចំនួន ៦ មានវត្តមាននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ត្រូវបានសម្ពោធជាផ្លូវក្នុងពេលតែមួយរួមមាន៖ មជ្ឈមណ្ឌលកម្សាន្ដ Super Doozii, Neo Game Oasis, រោងភាពយន្ដ Lengend by IZE និងហាងលក់សម្លៀកបំពាក់ចំនួន៣ គឺ Balabala, Love Moschino និង Paul Smith បានបើកដំណើរការជាផ្លូវការរួមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម ដូមីនីក វីលលៀម (Dominic Williams)ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុង រួមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតបានចូលរួម។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវមតិស្វាគមន៍ថា សូមអបអរសាទរ និងកោតសរសើរចំពោះវត្តមានហាងទាំង ៦ ដែលសម្ពោធឲ្យដំណើរការនៅក្នុងថ្ងៃនេះ ដែលបានខិតខំដាក់ទុនវិនិយោគធ្វើអាជីវកម្មលើវិស័យកម្សាន្តផ្នែកទស្សនីយ៍ភាព និងហាងសម្លៀកបំពាក់ម៉ាកល្បីៗ ដែលមានវត្តមាននៅក្នុងផ្សារទំនើបជីម៉ុង ២៧១ មេហ្គា ម៉លនេះ បានចូលរួមយ៉ាងសកម្មក្នុងការបម្រើសេវាឱ្យបានល្អជូនដល់អតិថិជន និងរួមចំណែកជំរុញឱ្យមានកំណើននៃការអភិវឌ្ឍន៍អាជីវកម្ម និងសេដ្ឋកិច្ចនៅកម្ពុជា។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ទៀតថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូលដែលបានរួមសាមគ្គីយ៉ាងរឹងមាំក្រោមពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ» ជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើកដំណើរកសាងរាល់សមិទ្ធផលគ្រប់យ៉ាងរបស់កម្ពុជា ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំងក្នុងឆ្នំ២០២១-២០២២ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោមវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងមតិស្វាគមន៍ថា ខ្ញុំបាទពិតជាមានសេចក្ដី សោមនស្សរីករាយ ដែលក្រុមហ៊ុន ជីប ម៉ុង រីថែល បានវិនិយោគទុននាំយកហាងម៉ាកល្បី ពីចក្រភពអង់គ្លេសមកកាន់ប្រទេសកម្ពុជា ដែលទាំងនេះ គឺជាចំណែកមួយនៃការរំលេចនូវចំណងមិត្តភាពដ៏រឺងមាំរវាងកម្ពុជា និងអង់គ្លេស លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាអន្តរជាតិ។

ថ្លែងក្នុងពិធីសម្ពោធនេះដែរលោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះក៏នឹងក្លាយទៅជាកាតាលីករដ៏សំខាន់ ដែលនឹងជំរុញកិច្ចសហការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអន្តរជាតិ ពង្រីកនូវសក្តានុពលពាណិជ្ជកម្មកម្ពុជានាពេលអនាគត។ សង្ឃឹមយ៉ាងមុតមាំថា ភ្ញៀវកិត្តិយសទាំងអស់នឹងចូលរួមគាំទ្រហាងទាំង ៦នេះ ក៏ដូចជាហាងជាច្រើនទៀត ដែលនឹងបង្ហាញខ្លួននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាបន្តបន្ទាប់នាពេលខាងមុខ។

ដើម្បីចូលរួមអបអរសាទរថ្ងៃបើកសម្ពាធនេះ ហាងនីមួយៗ ក៏មានការផ្ដល់ជូននូវប្រូម៉ូសិនជាច្រើនជូនអតិថិជនរួមមាន៖ ការបញ្ចុះតម្លៃ ទៅលើហាងលក់សម្លៀកបំពាក់ ការថែមជូនដ៏ពិសេសពីមជ្ឈមណ្ឌលកម្សាន្ដ និងការផ្ដល់ជូនដោយឥតគិតថ្លៃផ្សេងៗទៀតពីរោងភាពយន្ដ Legend by IZE។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការប្រគុំតន្រ្តីដ៏អស្ចារ្យដែលមានការចូលរួមដោយកំពូលតារាល្បីៗទស្សនាកម្សាន្ត។

គួរបញ្ជាក់ផងដែរថា សម្រាប់ចក្ខុវិស័យខាងមុខ ក្រុម ហ៊ុន ជីប ម៉ុង រីថែល នឹងបន្ដពង្រីកផ្សារទំនើបធំៗជាបន្តបន្ទាប់ និងព្យាយាមកៀរគរវិនិយោគិនទាំងក្នុងស្រុក និងបរទេស ដើម្បីចាប់ដៃសហការគ្នាបង្កើនសក្ដានុពលវិស័យលក់រាយ ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

             
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២