ក្រុមហ៊ុនចំនួនពីរគ្រោងបោះទុន២០លានដុល្លារដើម្បីបង្កើតរោងចក្រផលិតអំពូលភ្លើងសូឡា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ពីរ ដែលគ្រោងបោះទុនវិនិយោគសរុបចំនួន ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង។

ក្រុមហ៊ុនទាំងពីរ ដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះរួមមាន៖

១- ក្រុមហ៊ុន“TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។

២- ក្រុមហ៊ុន“TECHNOMATE (CAMBODIA) PRECISION METAL CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា និងបរិក្ខារអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង៕

ដោយ៖ សំណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២