កម្ពុជារកចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១០៧៧លានដុល្លារនៅឆ្នាំ ២០២២

បច្ចុប្បន្ននេះដំណាំស្វាយចន្ទី​ គេបានធ្វើការដាំដុះនៅតាមបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជាដើម្បីយកគ្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលកំពុងមានតម្រូវការខ្ពស់។ក្នុងមួយឆ្នាំៗប្រទេសកម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីបានរាប់សិបតោនដើម្បីធ្វើការនាំចេញ ហើយនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ ប្រទេសកម្ពុជាបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តជាតិបានប្រមាណជា ៦៧ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ១ពាន់ ៧៧លានដុល្លាអាមេរិក។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺប្រភេទពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលបានចំនួន ១,៤៩ តោន។

តាម​ការប៉ាន់ស្មាន មាន​កសិករ​ចំនួន ២២,០០០ នាក់ ហើយ​មាន​ប្រជាជន​ប្រមាណ​ជា ៣៨,០០០ នាក់ កំពុង​បម្រើការ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ស្វាយចន្ទី បូករួម​ទាំង​កំលាំង​ពលកម្ម​ប្រចាំ​រដូវ​ផងដែរ​។

បច្ចុប្បន្ននេះ​ទិន្នផល​ស្វាយចន្ទី​ស្ទើរតែ​ទាំងអស់​ត្រូវបាន​នាំចេញ​ក្រោមរូបភាព​មិនទាន់​កែច្នៃ ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ការងារ​បន្ថែមចំនួន ១០,០០០ ទៀត ​ប្រសិនបើ​ផលិតផលគ្រាប់ស្វាយចន្ទី​ឆៅ​ទូទាំងប្រទេស​កម្ពុជា​ត្រូវបាន​កែច្នៃ និង​វេច​ខ្ចប់​ក្នុងស្រុក (EIC២០០៧)​។

​ផលិតផល​គ្រាប់ស្វាយចន្ទី​ឆៅ​ក្នុង​ពិភពលោក មានការ​កើនឡើង​១២​ដង​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុង​ក្រោយនេះ ​ពោលគឺ​ចាប់ពី​តិចជាង​៣០០,០០០​តោន​ក្នុង​ឆ្នាំ​១៩៦១ ដល់​៣,៧ លាន​តោន​ក្នុង​ឆ្នាំ​២០០៨។ ការដាំដុះ​មានការ​កើនឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​ផលិតផល​ស្ទើរតែ​កើនឡើង​ទ្វេដង​ពី​ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ​ការកើនឡើង ២៧​ភាគរយ​នូវ​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ពិភពលោក ហើយ​ទិន្នផល​ជា​មធ្យម​ក្នុង​ពិភពលោក​កើនឡើង​ជាង ៥០​ភាគរយ។

បើតាមរាបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ កម្ពុជាបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តជាតិបានប្រមាណជា៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានដូចជាប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនផងដែរ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២