រដ្ឋាភិបាលសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៣ ដែលគ្រោងបោះទុនសរុបជាង ១៨លានដុល្លារដើម្បីបង្កើតរោងចក្រផលិតស្បែកជើង សម្លៀកបំពាក់ និងកាបូប

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដែលគ្រោងបោះទុនវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង សម្លៀកបំពាក់ កាបូប និងមួក ជាមួយទឹកប្រាក់វិនិយោគសរុបប្រមាណជា ១៨លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង។

ក្រុមហ៊ុនទាំង៣ ដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគរបស់ខ្លួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នោះរួមមាន៖

១-ក្រុមហ៊ុន“NEW TARGET FOOTWEAR (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង។

២-ក្រុមហ៊ុន“GOLDEN ISLAND GARMENTS (CAMBODIA) CO., LTD”មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។

៣-ក្រុមហ៊ុន“JIN LONG QUAN (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប និងមួក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៨៣កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២