សហព័ន្ធស្រូវអង្ករកម្ពុជាដាក់ទិសដៅនាំអង្ករចេញឱ្យបាន៧០ម៉ឺនតោននៅឆ្នាំ២០២៣ និង១លានតោននៅឆ្នាំ២០២៥

វិស័យស្រូវ អង្ករកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យមានការរីកចំរើន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងទៅនេះប្រទេសកម្ពុជាបានធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណជាង៦០ម៉ឺនតោន។ ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានប្តេជ្ញា និងកំណត់ទិសដៅនាំអង្ករចេញឱ្យបាន៧០ម៉ឺនតោន និង ១លានតោននៅឆ្នាំ ២០២៥ ។

នៅក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ លោក ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា ទិសដៅសម្រាប់ឆ្នាំ ២០២៣ សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់យកគោលដៅចំនួន ២ ធំៗគឺ ទី១. ជម្រុញការនាំចេញអង្ករឱ្យបាន ៧៥ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ និងឈានដល់ ១ លានតោនអង្ករនៅឆ្នាំ២០២៥។

ទី២. បង្កភាពងាយស្រួលក្នុងការប្រកបរបរអាជីវកម្មក្នុងវិស័យស្រូវអង្ករប្រកបដោយប្រាក់ចំណេញ ភាពធន់ និរន្តភាព និងបរិយាបន្ន ដោយដាក់ចេញនូវសកម្មភាពសំខាន់ដូចខាងក្រោម៖

  • បន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យកាន់តែប្រសើរឡើង និងទទួលបានទុកចិត្តពីសមាជិក និងភាគីពាក់ព័ន្ធ និងរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៣-២០២៧)
  • បន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មី ជាពិសេសប្រទេសហ្វីលីពីន និងពង្រីកសក្តានុពលទីផ្សារផ្សេងទៀតតាមរយៈការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មនៅមជ្ឈឹមបូព៌ា សហគមន៍អឺរ៉ុប។ លើសពីនេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បន្តនឹងការពង្រីកសក្តានុពលនឹងស្នើបង្កើនបរិមាណនាំចេញទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនជាង៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣ នេះតទៅ និងចូលរួមក្នុងការដោះស្រាយបញ្ហាការគ្រប់គ្រងសន្និធិស្បៀងក្នុងស្រុកជាមួយក្រសួងបន្ថែមទៀត។
  • បន្តចូលរួមសហការណ៍ជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើផែនការផលិតកម្មនិងការផ្គត់ផ្គង់ពូជ រួមជាមួយកិច្ចសន្យាកសិកម្ម
  • ជម្រុញ និងធ្វើកិច្ចសហប្រតិបត្តិការលើការរៀបចំកញ្ចប់តម្លៃផ្នែកភស្តុភារកម្ម និងដឹកជញ្ជូនជូនដល់សមាជិកដើម្បីឱ្យថ្លៃដើមកាន់តែទាប និងមានភាពប្រកួតប្រជែងជាងមុន។ល។
  • រៀបចំឱ្យមានមូលនិធិសម្រាប់ការធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវដែលឆ្លើយតបទៅនឹងភាពប្រកួតប្រជែងទីផ្សារ ភាពធន់ និងការប្រែប្រួលអាកាសធាតុ។ល។

បើតាមតួលេខដែលទទួលបានពីសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជាបានចាប់ផ្តើមនាំចេញអង្ករជាលើកដំបូងនៅឆ្នាំ២០០៩ ដែលមានបរិមាណប្រមាណជា ៦០០តោន ហើយបានបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង ៦៣ម៉ឺនតោនជាមធ្យម នៅក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។ ការនាំចេញអង្ករក្នុងឆ្នាំកន្លងទៅបានចំនួនជាង ៦៣ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួនជាង ៤១៨លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញស្រូវបានចំនួនជាង ៣.៤លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួនជាង ៨៨១ លានដុល្លារសហរដ្ឋអាមេរិក។ បើសរុបទាំងការនាំចេញអង្ករ និងស្រូវ គិតជាទឹកប្រាក់សរុបបានប្រមាណជាង ១ ២០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដែលជាចំណែកមួយយ៉ាងសំខាន់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ៕

        

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២