ក្រុមហ៊ុនថ្មីចំនួនពីរ គ្រោងបោះទុនជាង១៨លានដុល្លារបង្កើតរោងចក្រផលិតស្បែកជើង និងរោងចក្រផលិតកេសកាតុង

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួនពីរ ដែលក្រុមហ៊ុនទាំងនោះមានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង និងគម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ជាមួយទឹកប្រាក់វិនិយោគសរុបប្រមាណជា ១៨,៣លានដុល្លារ។

ក្រុមហ៊ុនដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC)នោះរួមមាន៖

១-ក្រុមហ៊ុន“LIN WEN CHIH SUNZEAL ENTERPRISES CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៤៤ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៩៥៥កន្លែង។

២-ក្រុមហ៊ុន “HUANG THENG PACKAGING CO., LTD”មានគម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ (Stretch film, Shrink film, Poly bag) ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៦៣៩ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៨កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២