រដ្ឋាភិបាលទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីទទួលបានសិទ្ធវិនិយោគនៅក្នុងប្រទេសកម្ពុជា

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ ដែលក្រុមហ៊ុនទាំងនោះមានគម្រោងបង្កើតរោងចក្រកាត់ដេរ ,រោងចក្រផលិតសម្ភារៈវេចខ្ចប់ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទុនវិនិយោគសរុបប្រមាណជា ១៧,៦លានដុល្លារ ជាមួយនឹងការផ្តល់ឱកាសការងារបានរាប់ពាន់កន្លែង។

ក្រុមហ៊ុនទាំង៣ ដែលទើបតែទទួលបានវិញ្ញាបនបត្រចុះបញ្ជី លើគម្រោងវិនិយោគរបស់ខ្លួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះរួមមាន៖

១- ក្រុមហ៊ុន“PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.២៥៨កន្លែង។

២- ក្រុមហ៊ុន“ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។

៣-ក្រុមហ៊ុន“SSH CB SUSTAINABLE FASHION CO., LTD” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤៨កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២