ជប៉ុនផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន៣០,៦ លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង

នៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន។ក្រោយពីជំនួប ភាគីទាំងពីរ បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណជា ៣០,៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង»។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លិខិតប្ដូរសារនេះគឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្តូរសារដែលបានចុះហត្ថលេខារួច នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។ កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២