ឯកឧត្ដម វ៉ាត់ ចំរើន ស្នើដល់សិស្ស និស្សិត ប្រជាពលរដ្ឋក្នុងតំបន់អាស៊ានចូលរួមអបអរ នៅពេលពិធីរត់ភ្លើងគប់ទៅដល់

ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានស្នើដល់សិស្ស និស្សិត និងប្រជាពលរដ្ឋ ទាំងខ្មែរ និងម្ចាស់ផ្ទះនៃប្រទេសអាស៊ីអាគ្នេយ៍ឲ្យចូលរួមអបអរសាទរ និងគាំទ្រ នៅពេលពិធីរត់ដង្ហែភ្លើងគប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទៅដល់ទីកន្លែងដែលខ្លួនរស់នៅ ដើម្បីរួមចំណែកធ្វើឲ្យពិធីរត់កាន់តែអស្ចារ្យ។

កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយកិច្ចប្រជុំសម្របសម្រួលពិធីរត់ភ្លើងគប់ជាមួយមន្ត្រីទូតនៃប្រទេសក្នុងតំបន់អាស៊ានបានចប់ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«យើងបានជជែកគ្នាច្រើនអំពីរឿងការរត់ភ្លើងគប់ដែលចេញដំណើរពីខេត្តសៀមរាបដើម្បីក្លាយទៅជាចលនាមួយដ៏សំខាន់សម្រាប់ធ្វើការក្រើនរម្លឹក ឬក៏ធ្វើការផ្សព្វផ្សាយពីភាពអស្ចារ្យនៃម្ចាស់ផ្ទះស៊ីហ្គេម២០២៣របស់កម្ពុជាយើង។ សូមអំពាវនាវថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងកម្មករ កម្មការិនីនៅតាមប្រទេសនីមួយៗ សិស្ស និស្សិតអីហ្នឹងឲ្យគាត់ចូលរួមអបអរសាទរក្នុងការរត់ភ្លើងគប់នេះ។ អីចឹង សូមការយោគយល់ និងការចូលរួមទាំងអស់គ្នា ព្រោះថា ខ្មែរទៅដល់ណាក៏ជាម្ចាស់ផ្ទះនៃការរៀបចំស៊ីហ្គេមរបស់យើងដែរ»។

ឯកឧត្ដមបានបន្តថា កិច្ចប្រជុំជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំការតាមបណ្ដាប្រទេសអាស៊ានក្នុងគោលបំណងធំបំផុតគឺដើម្បីរៀបចំកម្មវិធីហែភ្លើងគប់នៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលចេញពីខេត្តសៀមរាប។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមឯកអគ្គរាជទូតទាំងអស់បានផ្លាស់ប្ដូរយោបល់គ្នា ផ្ដល់ព័ត៌មានជាក់លាក់ ស្តីពីការងាររៀបចំដង្ហែភ្លើងគប់ និងទទួលបានផ្លែផ្កាជាទីគប់ចិត្ត។

ឯកអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បញ្ជាក់ថា អ្វីដែលជាកិច្ចការសំខាន់របស់ឯកអគ្គរាជទូតកម្ពុជានៅប្រទេសអាស៊ាននីមួយៗត្រូវធ្វើគឺរៀបចំការងារត្រៀមទទួល និងអបអរពិធីដង្ហែភ្លើងគប់នេះ។ ដូច្នេះស្ថានទូតកម្ពុជាត្រូវសហការជាមួយប្រទេសជាម្ចាស់ផ្ទះ ដែលមានគណៈកម្មាធិការអូឡាំពិកជាតិរបស់ប្រទេសនីមួយៗ ក៏ដូចជាអាជ្ញាធរដែនដីដើម្បីធ្វើយ៉ាងណាឲ្យការរត់ភ្លើងគប់នេះក្លាយទៅជាសារមួយបំផុសចលនានៃព្រឹត្តិការណ៍ស៊ីហ្គេមរបស់កម្ពុជា ផ្ដល់គុណតម្លៃស៊ីហ្គេមរបស់កម្ពុជាទៅឲ្យប្រទេសជាសមាជិកស៊ីហ្គេម។

កម្ពុជានឹងរៀបចំព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅថ្ងៃទី២១ ខែមីនា នៅប្រាសាទអង្គរវត្តក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក ព្រះអគ្គីកីឡានឹងត្រូវអុជទៅកាន់ភ្លើងគប់ ដើម្បីរត់ដង្ហែជុំវិញប្រាសាទអង្គរវត្ត មុនពេលថ្ងៃទី២២ ខែមីនា ភ្លើងគប់នេះនឹងត្រូវចាកចេញពីកម្ពុជាទៅប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ទើបត្រឡប់មកកម្ពុជាវិញ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២