រយៈពេលពីរខែដើមឆ្នាំនេះ កម្ពុជារកចំណូលពីការនាំចេញអង្ករបានចំនួន ៧២.៦៧លានដុល្លារ និងស្រូវបានចំនួន ២១៧.៨២ លានដុល្លារ

បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងកុម្ភៈ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករប្រមាណជាង ៦ម៉ឺនតោន ដោយទទួលបានប្រាក់ចំណូលចំនួន ៤១.១៥លានដុល្លាសហរដ្ឋអាមេរិក ។ ហើយក្នុងរយៈពេល២ខែដើមឆ្នាំ ២០២៣នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន៤០ក្រុមហ៊ុន បាននាំចេញអង្ករចំនួនជិត១០ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ៧២.៦៧លានដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៨ ប្រទេស ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័តហុងកុងចំនួន ៤៩ ០៥៦ តោន ឬស្មើនឹង ៥០.៣៣% គិតជាទឹកប្រាក់ ចំនួន ៣៣.៩៣ លានដុល្លារសហរដ្ឋអាមេរិក។ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២១ប្រទេស បានចំនួន ៣៨ ៤៥៦ តោនដែលគិតជា ទឹកប្រាក់មានចំនួន ២៧.២៦ លានដុល្លារសហរដ្ឋអាមេរិក។ ប្រទេសម៉ាឡេស៊ី និងសិង្ហបូរីចំនួន ៤ ៤០៩ តោន ដែលគិតជា ទឹកប្រាក់មានចំនួន ៣.០២ លានដុល្លារសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗ នៅអាហ្វ្រិក អូស្ត្រាលី មជ្ឈឹមបូព៌ា តួគី រុស្ស៊ី សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ បានចំនួន ៥ ៥៤៦ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៨.១៤ លានដុល្លា សហរដ្ឋអាមេរិក។

ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិនេះ ក្នុងនោះអង្ករក្រអូបប្រណិតដែលមានពូជស្រូវផ្ការំដួលបានចំនួន ៤៩ ៣៨១ តោន, អង្ករសែនក្រអូប ចំនួន ៣៦ ៤៩៥ តោន, អង្ករស ចំនួន ៦៤៦១ តោន ,អង្ករចំហ៊ុយចំនួន ២៨៩០ តោន និងអង្ករសរីរាង្គចំនួន ២ ២៨៤ តោនផងដែរ។

 

ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន៨៧១៣១៩តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ២១៧.៨២ លានដុល្លារសហរដ្ឋអាមេរិក៕

  

ដោយ៖សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២