បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មរហូតដល់ ១ ២៥១សហគមន៍ ជាមួយដើមទុនសរុបជាង ២៦លានដុល្លារ

ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសកសិកម្មមួយ ដែលមានប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម។វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បើទោះបីជាបណ្តាប្រទេសនៅលើពិភពលោកបានជួបនូវវិបត្តិសេដ្ឋកិច្ច ដែលញាំញីដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩យ៉ាងណាក្តី ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែឈរយ៉ាងរឹងមាំ ដោយសារតែមានវិស័យកសិកម្មជួយទ្រទ្រង់។

ដោយសារតែវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍន៍រីកចម្រើន ប្រជាកសិករនៅតាមបណ្តារាជធានី ខេត្ត នៅក្នុងប្រទេសកម្ពុជាបានចងក្រងគ្នាជាសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការសហការគ្នា រកទីផ្សារ និងការជួយគ្នាទៅវិញ ទៅមក។រហូតមកដល់ពេលនេះ សហគមន៍កសិកម្មនៅក្នុងប្រទេសកម្ពុជាមានចំនួនរហូតដល់ទៅ ១ ២៥១សហគមន៍ ជាមួយដើមទុនសរុបជាង ២៦លានដុល្លារ។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្ហរមាញ់ និងនេសាទបានឱ្យដឹងថា សហគមន៍កសិកម្មបានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ២០០៣ ដោយមានតែមួយសហគមន៍ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ២០២៣នេះ ចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានី ខេត្តទាំង២៥ ក្នុងប្រទេសកម្ពុជាបានកើនឡើងរហូតដល់ ១ ២៥១សហគមន៍ ដែលមានសមាជិកសរុបចំនួន ១៧០.២០៨នាក់ ក្នុងនោះស្រ្តីមានចំនួន ១០៧.៣៨០នាក់។ ហើយមានភាគហ៊ុនសរុបប្រមាណជា១២.៨លានដុល្លារ និងដើមទុនសរុបជាង ២៦លានដុល្លារ។

ចំពោះមុខរបរសំខាន់ៗរបស់សហគមន៍កសិកម្មមានដូចជា ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម ដោយក្នុងនោះមានមុខដំណាំសំខាន់ៗដូចជាដំណាំស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២