កសិករ ទុយ មន្នី កែច្នៃផ្ទៃដីទំហំ ៤៥០ម៉ែត្រការ៉េ ដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន៤៦មុខ អាចរកប្រាក់ចំណូលបានជាមធ្យមជាង៤៥ម៉ឺនរៀលក្នុង១ខែ

ការដាំដុះបន្លែជាដំណាំរួមផ្សំ បន្ទាប់ពីមុខរបរធ្វើស្រែចម្ការរបស់លោក ទុយ មន្នី ដោយសារតែមុខរបរដាំដុះបន្លែនេះអាចធ្វើឱ្យរូបគាត់រកចំណូលបានមួយចំណែកសម្រាប់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពប្រសើរជាងមុន។លោក ទុយ មន្នី មានអាយុ ៦០ឆ្នាំ ជាកសិកររស់នៅភូមិអូរការ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។បច្ចុប្បន្នលោកបានកែច្នៃផ្ទៃដីដាំបន្លែទំហំ ៤៥០ម៉ែត្រការ៉េ ដោយបានដាំបន្លែរួមផ្សំចំនួន ៤៦មុខ ។

កសិករ ទុយ មន្នី បានមានប្រសាសន៍ថា ក្នុងចំណោមបន្លែដែលរូបគាត់បានដាំដុះទាំង៤៦មុខនោះ រួមមាន៖ ដំណាំប្រភេទស្ពៃចំនួន ៧ប្រភេទ, ត្រកួនចិន, ខាត់ណាដើម, សាឡាត់, ជីគ្រប់មុខ ៧ប្រភេទ,ត្រប់វែង, ស្លឹកខ្ទឹម, ម្រះ, ប៉េងប៉ោះ, ននោង, ត្រាវ, ម្ទេស ,ស្លឹកគ្រៃ, ម្តេង, ក្តាត និងប្រភេទដំណាំរយៈពេលខ្លីផ្សេងៗទៀតជាច្រើនមុខ។

ការដាំបន្លែ និងដំណាំរួមផ្សំទាំងនោះ ប្រើប្រាស់សំភារៈដូចជា៖ ធុងស្នោ ក្រងឬស្សី និង លើកដីធ្វើជារងតាមបណ្តោយរបងផ្ទះ និងដាំឱ្យវាតោងរបង ឬធ្វើទ្រើងបន្ទាប់បន្សំ ការប្រើប្រាស់ជីលាមកគោ និងជីកំប៉ុស្ត ។

កសិករ ទុយ មន្នី បានឱ្យដឹងទៀតថា គាត់បានដាំបន្លែទាំងនេះបន្តគ្នារហូតពេញ រយៈពេល១ឆ្នាំ ហើយប្រាក់ចំណូលដែលរូបគាត់ប្រមូលបានពីការលក់បន្លែនេះ គិតជាមធ្យមបានចំនួន៤៥០.០០០ រៀលក្នុង១ខែ ។ដោយប្រាក់ចំណូលទាំងអស់នេះ អាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបស់គាត់ឱ្យមានភាពប្រសើរជាងមុនបានមួយកម្រិតថែមទៀត៕

ដោយ៖ សំណាង

រូបភាព៖មន្ទីរកសិកម្មខេត្តពោធិ៍សាត់

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២