ក្រុមហ៊ុនថ្មីចំនួន៩ គ្រោងបោះទុនវិនិយោគសរុបជាង៥៤លានដុល្លារដើម្បីបង្កើតរោងចក្រផលិតរបស់របរ និងសម្ភារផ្សេងៗនៅក្នុងប្រទេសកម្ពុជា

បន្ទាប់ពីប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩បាន ហើយបានបើកប្រទេសឱ្យដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញនោះ មានក្រុមហ៊ុនថ្មីៗជាបន្តបន្ទាប់ បានមកដាក់ពាក្យស្នើសុំធ្វើការវិនិយោគជាហូរហែរ។ហើយម្សិលម៉ិញនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូននូវវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនថ្មីចំនួន៩ ដើម្បីទទួលបានសិទ្ធវិនិយោគ លើគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនខ្លះមានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ,រោងចក្រផលិតអំពូលភ្លើង,រោងចក្រផលិតកាបូប,រោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង,រោងចក្រផលិតក្រដាសទ្រនាប់ពុម្ព,រោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងរោងចក្រផលិតគ្រឿងអគ្គិសនី ជាមួយទុនវិនិយោគសរុបប្រមាណជា៥៤,៨លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែងផងដែរ។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានឱ្យដឹងថា ក្រុមហ៊ុនទាំង៩ ដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះរួមមាន៖

 

១-ក្រុមហ៊ុន“ KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD”មានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

២-ក្រុមហ៊ុន“FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD”មានគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។

៣-ក្រុមហ៊ុន“YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD”មានគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣១កន្លែង។

៤-ក្រុមហ៊ុន“X J X INDUSTRIAL CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។

៥-ក្រុមហ៊ុន“CAMBODIAN XIN HUANG MING GARMENT CO., LTD” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៤១កន្លែង។

៦-ក្រុមហ៊ុន“L&G PACKAGING MATERIALS CO., LTD”មានគម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កណ្តាល ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។

៧-ក្រុមហ៊ុន“OPTIMA GARMENT (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២៦កន្លែង។

៨-ក្រុមហ៊ុន “LINGRICH BICYCLE (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦.២៥០កន្លែង។

៩-ក្រុមហ៊ុន “LATIDO ELECTRICAL CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៩០កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២