មន្ទីរបញ្ចកោណកំពុងបារម្ភ រឿងផ្ញើអ៊ីមែលយោធាអាមេរិករាប់លានដោយច្រឡំ ទៅកាន់ប្រទេសម៉ាលី ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី តែថា ខ្លួនបានចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ

អ៊ីមែលយោធាអាមេរិករាប់លានត្រូវបានផ្ញើទៅកាន់ប្រទេសម៉ាលី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីដោយច្រឡំ ដោយសារកំហុសក្នុងការវាយអក្ស។អ៊ីមែលមួយចំនួនត្រូវបានគេរាយការណ៍ថា មានព័ត៌មានរសើបដូចជាពាក្យសម្ងាត់ កំណត់ត្រាវេជ្ជសាស្រ្ត និងផ្លូវធ្វើដំណើររបស់មន្ត្រីកំពូលៗ។ មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនបានចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ។

យោងតាមកាសែត Financial Times ដែលបានរាយការណ៍រឿងនេះជាលើកដំបូង សហគ្រិនអ៊ីនធឺណិតហូឡង់ Johannes Zuurbier បានកំណត់បញ្ហានេះជាង 10 ឆ្នាំមុន។ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមសេចក្តីរាយការណ៍បានប្រមូលអ៊ីមែលខុសទិសដៅរាប់ម៉ឺន។អ៊ីមែលទាំងនោះបានរួមបញ្ចូលទិន្នន័យវេជ្ជសាស្ត្រ ផែនទីនៃកន្លែងយោធាសហរដ្ឋអាមេរិក កំណត់ត្រាហិរញ្ញវត្ថុ និងឯកសាររៀបចំផែនការសម្រាប់ការធ្វើដំណើរផ្លូវការ ក៏ដូចជាសារការទូតមួយចំនួនផងដែរ។

លោក Zuurbier បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​មន្ត្រី​អាមេរិក​ក្នុង​ខែ​នេះ​ដើម្បី​លើក​ឡើង​ពី​ការ​ប្រកាស​អាសន្ន។ គាត់បាននិយាយថា កិច្ចសន្យារបស់គាត់ជាមួយរដ្ឋាភិបាលម៉ាលីនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដែលមានន័យថា “ហានិភ័យគឺពិតប្រាកដ ហើយអាចត្រូវបានកេងប្រវ័ញ្ចដោយសត្រូវរបស់សហរដ្ឋអាមេរិក”។

ទំនាក់ទំនងយោធាអាមេរិកត្រូវបានចាត់ទុកថា ជាការសម្ងាត់បំផុត ដែលត្រូវបានបញ្ជូនតាមរយៈប្រព័ន្ធ IT ដាច់ដោយឡែក ដែលវាមិនទំនងជាត្រូវបានបញ្ជូនដោយចៃដន្យនោះទេ។ នេះបើយោងតាមមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីត៕

ប្រភព៖ BBC

ប្រែសម្រួលដោយ៖ វាសនា

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២