ក្រុមហ៊ុនចំនួន៨ គ្រោងបោះទុនសរុបជាង ៦៤លានដុល្លារដើម្បីបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ និងរោងចក្រផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៨ ដើម្បីឱ្យទទួលបានសិទ្ធិវិនិយោគនៅក្នុងប្រទេសកម្ពុជា ទៅតាមវិស័យផ្សេងៗគ្នា ជាមួយទឹកប្រាក់វិនិយោគសរុបចំនួន៦៤.៣លានដុល្លារ និងអាចបង្កើតការងារធ្វើជូនពលរដ្ឋធ្វើបានចំនួន៤០៤០កន្លែង។

 

ក្រុមហ៊ុនទាំង៨ ដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគរបស់ខ្លួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះរួមមាន៖

១-ក្រុមហ៊ុន “HUALE STEEL (CAMBODIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។

២-ក្រុមហ៊ុន “WANGMAO (CAMBODIA) HOMEWARE CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៦៩កន្លែង។

៣-ក្រុមហ៊ុន“JUSHI (CAMBODIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។

៤- ក្រុមហ៊ុន“STARBLAZE (CAMBODIA) PLASTIC & METAL CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក សម្ភារៈលំអ និងគ្រឿងបង្គុំ អេឡិកត្រូនិកធ្វើពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។

៥-ក្រុមហ៊ុន “CAMBODIAN LUHENG PET FOOD CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៩កន្លែង។

៦- ក្រុមហ៊ុន“ULTIMATE MOTION CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៥ កន្លែង។

៧-ក្រុមហ៊ុន “WANAN GAS CONTROL (CAMBODIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៦៩កន្លែង។

៨- ក្រុមហ៊ុន“HE DUI OPTOELECTRONICS CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងអំពូលភ្លើង LED ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ១,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែង៕

ដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២