ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួនពីរ ជាមួយទុនវិនិយោគសរុបជាង១១លានដុល្លារ

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួនពីរ ដើម្បីឱ្យទទួលបានសិទ្ធិវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្នុងចំណោមក្រុមហ៊ុនទាំងពីរនោះគឺក្រុមហ៊ុនមួយមានគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងក្រុមហ៊ុនមួយទៀតមានគម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួន១១,៣លានដុល្លារ។

ក្រុមហ៊ុនដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នោះរួមមាន៖

១-ក្រុមហ៊ុន“TW LIGHTS CO., LTD”មានគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។

២-ក្រុមហ៊ុន“G.U INDUSTRIAL CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២