រដ្ឋាភិបាលសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ ដែលមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាបូបគ្រប់ប្រភេទ ជាមួយទឹកប្រាក់វិនិយោគសរុបជាង៤០លានដុល្លារ

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ ក្នុងចំណោមក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុនខ្លះគ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតកាបូបជាដើម ដែលមានទុនវិនិយោគសរុបប្រមាណជា៤០,៨លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង។

ក្រុមហ៊ុនដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគរបស់ខ្លួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទាំង៧ក្រុមហ៊ុននោះរួមមាន៖

១-ក្រុមហ៊ុន“DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD.” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៥៨កន្លែង។

២-ក្រុមហ៊ុន“EVERGREEN SPORTING GOODS (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៦០កន្លែង។

៣-ក្រុមហ៊ុន“KJ APPAREL (CAMBODIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ប្លុក C ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២០៨កន្លែង។

៤-ក្រុមហ៊ុន“ASTI KNITWEAR CO., LTD.”មានគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគាលេខ K9 ផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង។

៥-ក្រុមហ៊ុន“IMAGE GARMENTS (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្មកាណាស៊ីធី អគារ 35 និង D37 ផ្លូវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៥កន្លែង។

 

៦-ក្រុមហ៊ុន“STANDFORD TEXTILE INDUSTRIES CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែបូ ខ្សែពួរ ខ្សែសុវត្ថិភាព និងខ្សែក្រវាត់ការពារសុវត្ថិភាពសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅគីឡូម៉ែត្រទី២៧ ផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។

៧-ក្រុមហ៊ុន“SIRIUS GEAR OUTDOOR PRODUCTS (CAMBODIA) COMPANY LIMITED”មានគម្រោងបង្កើតរោងចក្រផលិតកាបូប សម្ភារៈធ្វើដំណើរ កៅអី (ដែក-ក្រណាត់) តង់ សម្ភារៈក្នុងឡាន និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.២០៨កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២