CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ដែលគ្រោងបោះទុនសរុបជាង៥៣លានដុល្លារ ដើម្បីធ្វើការវិនិយោគនៅកម្ពុជា

តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៥ ដែលក្រុមហ៊ុនទាំងនោះមានគម្រោងវិនិយោគទៅតាមវិស័យផ្សេងៗគ្នា ជាមួយទុនវិនិយោគសរុបប្រមាណជា៥៣,៦លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង។

ក្រុមហ៊ុនដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នោះរួមមាន៖

១-ក្រុមហ៊ុន“TELCOTECH LTD.”មានគម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។

២-ក្រុមហ៊ុន“JINZHENG HOME DECORATION (CAMBODIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។

៣-ក្រុមហ៊ុន“BESWIN FASHION (CAMBODIA) CO., LTD.”មាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៦៣៦កន្លែង។

៤-ក្រុមហ៊ុន“PET NEW MATERIALS (CAMBODIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

៥-ក្រុមហ៊ុន“MAXWILL GARMENT (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៨៦កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២