តូចចិត្តសង្សារសុំបែក យុវជនម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួននៅមុខបន្ទប់ទឹក

ភ្នំពេញ ៖ យុវជនម្នាក់ បានសម្រេចបញ្ចប់ជីវិតខ្លួនឯងនៅមុខបន្ទប់ទឹក ព្រោះតែតូចចិត្តនឹងរឿងសង្សារសុំបែក។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខផ្សារការណាស៊ីធី នៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ៅ ប្រុស ហៅជីវន្ត អាយុ១៦ឆ្នាំមុខរបរ ជួយលក់ដូរជាមួយមីង បច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើនៅភូមិចារ ឃុំអន្លង់ ស្រុកកន្ឌៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីស្រ្តីម្នាក់ ត្រូវជាម្តាយមីង បានឲ្យដឹងថា នៅមុនពេលកើតហេតុដោយរូបគាត់ បានឃើញជនរងគ្រោះខាងលើអង្គុយយំ នៅក្នុងបន្ទប់២ទៅ៣ថ្ងៃមកហើយ ដោយសួរនាំទៅមូលហេតុមកពីសង្សារសុំបែក លុះមកដល់ម៉ោងកើតហេតុ ដោយស្រ្តីជាម្តាយមីង បានដេញឲ្យជនរងគ្រោះទៅងូតទឹក ប្រញាប់ចុះមកជួយលក់ដូរវិញ មួយសន្ទុះក្រោយមកដោយបាត់ជនរងគ្រោះយូរពេក មិនឃើញចុះមកក្រោមក៏ឡើងទៅមើល ស្រាប់តែឃើញចង.កសម្លាប់ខ្លួននៅមុខបន្ទប់ទឹក ស្លាប់បាត់ទៅហើយ ពេលនោះដែររូបគាត់ក៏បានរត់ចុះមកក្រោមវិញ ហើយរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ឲ្យចុះមកពិនិត្យទៅលើសព។ ក្រោយពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយការចងកពិតប្រាកដមែន និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២