ជំនួបសងសឹកដណ្តើមខ្សែក្រវ៉ាត់ជាថ្មី រវាង រិន ដេវីត និងធន់ អៀងឡៃ ដឹងតែមានអ្នកសន្លប់ហើយលើកនេះ ព្រោះប្តូរមកវាយហ្គង់ចេញម្រាមដៃវិញម្តង គ្រាន់តែឮក៏ព្រឺរោមដែរលោកអើយ

ភ្នំពេញ ៖ ឡើងប្រកួតលើសង្វៀនលើកមុនមិនទាន់ដាច់ស្រេច មិនទាន់អស់ចិត្ត និងដោយមានការសំណូមពរពីអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរផងនោះ ឥឡូវនេះ រិន ដេវីត និងធន់ អៀងឡៃ បានណាត់គ្នាសងសឹកដណ្ដើមខ្សែក្រវ៉ាត់ជាថ្មីម្តងទៀត នៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោន នាថ្ងៃទី១៤ មីនា ២០២៤ នៅទឹកដីខេត្តតាកែវ ។

ការប្រកួតលើកមុនគណៈកម្មការផ្តល់ពិន្ទុបានផ្តល់ពិន្ទុឱ្យកីឡាករ ធន អៀងឡៃ ជាអ្នកឈ្នះ ដែលបានធ្វើឱ្យកីឡាករ ក៏ដូចជាអ្នកគាំទ្រខាងភាគីកីឡាករ រិន ដេវីត និងមហាជនអ្នកស្នេហាកីឡាប្រដាល់គុនខ្មែរមួយចំនួនបានសម្តែងការមិនសប្បាយចិត្ត ហើយបានស្នើសុំឱ្យសហព័ន្ធប្រដាល់គុនខ្មែរ និងគណៈកម្មការផ្គូរផ្គង់ឱ្យផ្គូរផ្គង់កីឡាករទាំងពីរនេះ ឡើងសង្វៀនវាយដណ្តើមខ្សែក្រវ៉ាត់ជាថ្មីម្តងទៀត។ឥឡូវនេះ អ្វីដែលបងប្អូនសំណូមពរ និងស្នើសុំនោះបានសម្រេចដូចបំណងប្រាថ្នាហើយ។ការជួបគ្នាសងសឹកដណ្តើមខ្សែក្រវ៉ាត់លើកនេះ ដឹងតែកក្រើកហើយ ព្រោះកីឡាករ រិន ដេវិត បានស្នើសុំឱ្យលេងហ្គង់ចេញម្រាមដៃវិញម្តង ដោយគេចង់បានលទ្ធផលដាច់ស្រេច ដូច្នេះក្នុងចំណោមអ្នកទាំងពីរប្រាកដជាមានអ្នកសន្លប់ហើយ គ្រាន់តែឮក៏ព្រឺរោមដែរ លោកអើយ។

 

មុនថ្ងៃប្រកួតចូលមកដល់អ្នកលេងជើងខ្លាំងគុនខ្មែរ រិន ដេវីតបានឲ្យដឹងថា គេមិនចង់ឲ្យការប្រកួតនេះបញ្ចប់ទៅដោយពេញទឹក ឬពិន្ទុឡើយ គឺចង់ឱ្យសន្លប់នៅក្នុងទឹកណាមួយ ហើយគេបានហ្វឹកហាត់ពេញលេញត្រៀមខ្លួនរួចជាស្រេច នៅក្នុងការប្រកួតនៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរនេះ ដើម្បីសងសឹកយកមុខមាត់ជាថ្មីជូនអ្នកគាំទ្រ និងគ្រួសារវិញ ដូច្នេះការប្រកួតនេះនឹងត្រូវវាយហ្គង់តូច ៥ ទឹក ដាក់ខ្សែក្រវ៉ាត់ជាថ្មីរវាងកីឡាករទាំងពីរ ។

 

តែបើនិយាយពីកីឡាករធន់ អៀងឡៃវិញ កំពុងតែបុកហ្វឹកហាត់ខ្លាំងណាស់មិនមានបញ្ហាសម្រាប់ការប្រកួតនេះដូចគ្នា រូបគេបានត្រៀមខ្លួនជាស្រេចក្នុងនាមជាអ្នកការពារតំណែងម្ចាស់ខ្សែក្រវ៉ាត់ដ៏ធំមួយនេះ ។

 

អៀង ឡៃ បានបន្តថែមទៀតថា សម្រាប់រូបគេទោះបីជាដេវីតស្នើសុំវាយហ្គង់បែបណាក៏មិនជាបញ្ហាសម្រាប់គេដែរ បើដេវីតថាពិបាកវាយហ្គង់ពេកវាយដោយប្រើដៃទទេក៏គាត់វាយបានដែរ ព្រោះគេមកដើម្បីវាយមិនមែនមកដើម្បីខ្លាចនោះទេ។ហើយអ្វីដែលសំខាន់នោះ គេក៏មិនចង់ឲ្យមានភាពចម្រូងចម្រាស់បែបនេះទៀតដែរ ចង់ឲ្យការប្រកួតដាច់ស្រេចដូចគ្នា ដោយសារមិនចង់ឃើញអ្នកគាំទ្រប្រកែកនឹងមានភាពចម្រូងចម្រាស់ បង្កភាពអសីលធម៌នៅលើបណ្ដាញសង្គម ប្រសិនបើអាចមិនថាខ្លួនគេផ្ទាល់ឬមួយក៏ដៃគូនោះទេ បើអាចសន្លប់នៅក្នុងទឹកណាមួយកាន់តែល្អដើម្បីឲ្យកាន់តែដាច់ស្រេច។

គួរជម្រាបផងដែរថា កីឡាករទាំងពីរបានលើកការកោតសរសើរ ពីការសម្រេចដាក់ឲ្យពួកគេទាំងពីរឡើងប្រកួតជាថ្មីម្ដងទៀតដើម្បីដណ្ដើមខ្សែក្រវ៉ាត់ ជារឿងមួយដែលល្អសម្រាប់រូបគេទាំងពីរនាក់ ក្នុងការសងសឹកជាថ្មី ក្រោយពីមានភាពចម្រូងចម្រាស់កាលពីពេលកន្លងទៅ  ហើយក៏ជាទីពេញចិត្តសម្រាប់អ្នកគាំទ្រគុនខ្មែរ ដែលចង់ឃើញអ្នកទាំងពីរប៉ះគ្នាម្ដងទៀត។

 

ប៉ុន្តែការប្រកួតនេះអាចជាការលំបាកសម្រាប់កីឡាករទាំងពីរដោយសារតែកន្លងមករូបគេទាំងពីរនាក់ធ្លាប់តែប្រកួតវាយហ្គង់ធំ បានជាការប្រើប្រាស់ហ្គង់តូច ដោយសារតែមិនចង់ឲ្យការប្រកួតនេះ បានចប់ទឹក ទើបដេវីតស្នើសុំឲ្យវាយហ្គង់តូចតែម្ដង ហើយអៀង ឡៃ ក៏យល់ស្របទៅតាមលក្ខខណ្ឌនេះដូចគ្នា ធ្វើឱ្យជំនួបមួយនេះកាន់តែតានតឹង ហើយក៏កាន់តែជក់ចិត្តសម្រាប់អ្នកទស្សនា។

 

GANZBERG ស្រលាញ់គុនខ្មែរ ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ព្រឹត្តិការណ៍ដ៏កក្រើកបានមកដល់ទៀតហើយគឺ រាជសីហ៍គុនខ្មែរ (Warrior Lions KUN KHMER ) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅដីឡូតិ៍មួយកន្លែងក្នុង សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, លើហ្វេសប៊ុកផេក TOWN FULL HDTV និង BEER GANZBERG ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២