នៅមិនទាន់បញ្ចប់ទេ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើកភ្លើងខៀវ ខណៈវិសាខាថា នឹងពិចារណាក្នុងការត្រឡប់ចូលពានសម្ដេចតេជោ ហ៊ុន សែន និងលីគវិញ

(ភ្នំពេញ)៖ បើទោះបីជាមានការប្រកាសដកខ្លួនក្តី ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ក៏ដូចជាបណ្ដាក្លឹបផ្សេងៗ បានបើកភ្លើងខៀវស្វាគមន៍ក្លឹបបាល់ទាត់វិសាខា ក្នុងការវិលត្រឡប់មកលេងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣/២៤ ឡើងវិញ ខណៈគណៈគ្រប់គ្រង់ក្លឹបដ៏មានសក្ដានុពលមួយនេះ បានអះអាងថា នឹងធ្វើការពិចារណា ។

បើតាមការគូសបញ្ជាក់របស់លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាកញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លឹបបាល់ទាត់ វិសាខា ក្នុងសន្និសីទសារព័ត៌មាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្រាយចម្ងល់មហាជន ពាក់ព័ន្ធនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល បន្ទាប់មកវិសាខាបានប្រកាសដកខ្លួនពីគ្រប់ការប្រកួតទាំងអស់ សូម្បីឱកាសការពារតំណែងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន កាលពីថ្មីៗនេះ។

 

គួរដឹងផងដែរថា មូលហេតុវិសាខា ប្រកាសដកខ្លួនចេញនេះ ក៏ព្រោះតែក្លឹបមិនពេញចិត្តនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល នៅកំឡុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន រវាង វិសាខា និងភ្នំពេញក្រោន កាលពីថ្ងៃទី០៦ ខែមីនាកន្លងទៅ ត្រង់នាទីទី១៨ ។ បន្ទាប់មកក្លឹបក៏បានដាក់លិខិតស្នើសុំការបកស្រាយទៅគណៈកម្មការរៀបចំការប្រកួត តែដោយពុំទទួលបានការបកស្រាយសមស្រប នៅល្ងាចថ្ងៃទី០៨ ខែមីនា វិសាខា ក៏បានប្រកាសដកខ្លួនពីការប្រកួតទាំងអស់តែម្ដង ។

 

ហើយតាមការបកស្រាយរបស់លោក KARAKIDA TETSU នាយកក្រុមអាជ្ញាកណ្ដាលរបស់សហព័ន្ធ ក្នុងសន្និសីទសារព័ត៌មានខាងលើ បន្ទាប់ពីទទួលបានលិខិតរបស់ក្លឹបបាល់ទាត់ វិសាខា និងពិនិត្យមើលវីដេអូឡើងវិញជាច្រើនដង ទើបឃើញថា ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ដែលក្រុមវិសាខា ស្នើសុំឲ្យធ្វើការបកស្រាយពិតជាខុសពិតមែន ដ្បិតភ្លាមៗក្នុងការប្រកួតនោះ អាជ្ញាកណ្ដាលបានពិន័យបាល់ Off Side ទាំងបាល់កំពុងចំណេញសម្រាប់កីឡាករវិសាខា ក្នុងឱកាសស្វែងរកគ្រាប់បាល់នោះ គឺមិន Off Side ឡើយ ។

យ៉ាងណាមិញ ក្លឹបបាល់ទាត់ វិសាខា បានប្រកាសដកខ្លួនទៅវិញ ប៉ុន្ដែប្រសិនបើ វិសាខា មានចេតនាត្រឡប់មកចូលរួមការប្រកួតវិញ សហព័ន្ធក៏មិនរារាំង ហើយបណ្ដាក្លឹបទាំងអស់ ក៏គាំទ្រ និងចង់ឃើញវិសាខា ត្រឡប់មកវិញដែរ ។ ប៉ុន្ដែអ្វីដែលសំខាន់ គឺសម្រេចលើសាម៉ីក្លឹប(វិសាខា) ថាចង់ត្រឡប់មកវិញ ឬក៏អត់? មួយវិញទៀត ក៏ត្រូវសិក្សាច្បាស់លាស់ពីច្បាប់អន្ដរជាតិផងដែរ ។ នេះបើតាមការលើកឡើងរបស់លោក កែវ សារ៉េត ។

 

អគ្គលេខាធិការសហព័ន្ធដដែលបានបន្ដថា«គណៈកម្មការប្រកួតកំពុងពិនិត្យមើល និងមានកិច្ចប្រជុំផ្ទៃក្នុង ដើម្បីមានការយល់យោគមិនមែនគិតថា ជាឧបសគ្គអ្វីនៃការអភិវឌ្ឍទេ គឺយើង(សហព័ន្ធ)ចង់បានវិសាខាត្រឡប់ចូលលីគវិញ ។ ករណីចូលមកវិញបាន ឬមិនបាន ត្រូវតែមានការសិក្សាពីច្បាប់ឲ្យបានច្បាស់លាស់ដែរ ពីព្រោះយើងសំអាងទៅលើច្បាប់ផ្ទៃក្នុងរបស់យើង ខ្លាចខុសទៅនឹងច្បាប់អន្ដរជាតិ ព្រោះរឿងនេះ បានខ្ចល់ខ្ចាយទៅដល់ខាងក្រៅ FIFA ក៏គេដឹងលឺ AFC ក៏គេដឹងលឺដែរ…។ កន្លែងនេះ បើខុស គេក៏ពិន័យយើងដែរ ។ តែសម្រាប់សហព័ន្ធ និងគ្រួសារបាល់ទាត់ជាតិ គឺស្វាគមន៍ការត្រឡប់ចូលមកវិញរបស់វិសាខាជានិច្ច» ។

លោកបានបន្ថែមទៀតថា «សហព័ន្ធមិនរារាំង អត់ឲ្យចូលវិញទេ ដោយសារវិសាខា និយាយដោយអត់លាក់លាម ព្រោះសាម៉ីខ្លួន គាត់បានដឹងខ្លួនថា បានដាក់ពាក្យឈប់ហើយ ប៉ុន្ដែបើសិនជាចេតនាចង់ត្រឡប់មកវិញ សហព័ន្ធស្វាគមន៍ ប៉ុន្ដែត្រូវតែផ្អែកទៅលើនិតីវិធីដែរ តើមានអ្វីរារាំងទេ? យើងត្រូវសិក្សាបន្ដិចទៀត សិក្សាខ្លាំងទៅលើកំហុសជាមួយ FIFA និង AFC បើ FIFA គេថា ដូចមិនអីទេ អាហ្នឹងយើងស្វាគមន៍ការត្រឡប់មកវិញ ។ ក្លឹបទាំងប៉ុន្មានគេអត់ប្រឆាំងទេ គេគាំទ្រ និងចង់បានវិសាខាត្រឡប់មកវិញ ព្រោះជាក្លឹបមួយរីកចម្រើន ដែលយើងទទួលស្គាល់» ៕

ដិយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២