រដូវកាល Kun Khmer Festival លើសង្វៀន Mas Fight សប្តាហ៍នេះ ថោនលេងឈុតធំហើយបងប្អូន ដាក់សុទ្ធតែកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិ

ភ្នំពេញ៖ រដូវកាលព្រឹត្តិការណ៍ Kun Khmer Festival របស់ស្ថានីយទូរទស្សន៍ថោន កាន់តែអស្ចារ្យជាមួយនឹងការរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរគ្រប់សង្វៀនទាំងអស់របស់ស្ថានីយ៍ ដោយជ្រើសរើសចម្រាញ់យកតែកំពូលកីឡាករក្នុងស្រុកប្រកួតជាមួយនឹងកំពូលកីឡាករមកពីតាមបណ្ដាប្រទេសធំៗជាច្រើនប្លែកមិនធ្លាប់មានពីមុនមក។ កម្មវិធីប្រដាល់ដ៏ចាស់វស្សាមួយនេះ បានលេចវត្តមានមុនគេ នៅទូរទស្សន៍ថោនតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយប្រមូលផ្តុំសុទ្ធតែកីឡាករជើងងខ្លាំងគុនខ្មែរ ។

ហើយឥឡូវនេះនឹងលេចវត្តមានជាថ្មីម្តងទៀត ដែលប្រមូលផ្ដុំសុទ្ធតែកីឡាករជើងខ្លាំងមកពីប្រទេសថៃ,ប្រទេសចិន,ប្រទេសអឺរ៉ង់,ប្រទេសជប៉ុន និងប្រទេសមីយ៉ាន់ម៉ា ដោយសប្តាហ៍នេះថោនលេងឈុតធំ ដាក់សុទ្ធតែគូអន្តរជាតិតាំងពីគូបើកឆាករហូតដល់ចប់កម្មវិធីប្រកួតតែម្តង។

ក្នុងនោះមានជំនួបនៃការប្រកួតលក្ខណៈMas Fight មួយទឹក 9 នាទី រវាងកីឡាករផល ស៊ីឡុង ប៉ះជាមួយនឹងជើងខ្លាំងមកពីប្រទេសថៃ ខាចម៉ដេច ផាឡាំ, ការប្រកួតរវាងអ្នកលេងគុនខ្មែរកាន់ ម៉េងហុង ជួបប្រកួតជាមួយនឹងជើងខ្លាំងកុងហ្វូមកពីប្រទេសចិន ជង ឈីហ័រ ជាម្ចាស់ជើងឯកចិន និងព្រឹត្តិការជើងឯកក្បាច់គុនអន្តរជាតិ, ជំនួបនៃការប្រកួតរវាងកីឡាករគង់ ហូវ ប៉ះជាមួយនឹងជើងខ្លាំងមកពីប្រទេសអឺរ៉ង់ មេតហាដេត ខាន់សាដេ ។

ការប្រកួតមិត្តភាពអន្តរជាតិបីទឹក កីឡាករភក្តី គុនខ្មែរ ដែលមកពីក្លឹបគុនខ្មែរដូនតា នឹងត្រូវទទួលស្វាគមន៍ជើងខ្លាំងមកពីប្រទេសជប៉ុនកីឡាករ គិម៉ា សូជី , ឈាមជ័រត្រកូល អេ អ្នកលេងកែង ម៉ឺន មេឃាជួបប្រកួតជាមួយនឹងកីឡាករ កាណាត ស៊ីម៉ូជី មកពីប្រទេសជប៉ុន។ ដំរីភ្លុកពិឃាដផល សោភ័ណ្ឌ ណាត់ជើងខ្លាំងស្បែកតាន់ មកពីមីយ៉ាន់ម៉ាកីឡាករ ថេ ធីត មឿង ។

កុំភ្លេចចូលរួមទស្សនា និងលើកទឹកចិត្តកីឡាករគុនខ្មែរយើងទាំងអស់គ្នា ព្រោះថាសប្តាហ៍នេះ ប៉ះសុទ្ធតែថ្នាំខ្លាំងដូចគ្នា។ ការប្រកួតនឹងប្រព្រឹត្តទៅនៅស្ថានីយទូរទស្សន៍ថោន ទស្សនិកជនអាចចូលរួមទស្សនាបានដោយសេរី ចាប់ពីម៉ោង 3:00 រសៀលរតទៅ នាថ្ងៃអាទិត្យទី 17 ខែមីនាឆ្នាំ 2024 នេះ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, ផេក TOWN FULL HDTV, TOWN Sports និងCambodia beer ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២