ពិតជាអស្ចារ្យខ្លាំងណាស់! ឈឿង ល្វៃ ធ្វើឱ្យកក្រើកពិភពលោក ដោយវាយឈ្នះបានខ្សែក្រវាត់ World Super-4 Championship នៅទឹកដីហុងកុងយប់មិញនេះ​ ជាមួយនឹងការទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន២០លានរៀលពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ក្រោយពីឈ្នះខ្សែក្រវាត់កម្រិតពិភពលោក World Super-4 Championship នៅទឹកដីហុងកុងយប់មិញនេះ ឈឿង ល្វៃ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន២០លានរៀលពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ឈឿង ល្វៃ បានក្លាយជាជាកីឡាករគុនខ្មែរទី១ឈ្នះខ្សែក្រវាត់កម្រិតពិភពលោក World Super-4 Championship នៅទឹកដីហុងកុង បន្ទាប់ពីបានយកឈ្នះដៃគូ២នាក់ជាប់គ្នានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះជាមោទនភាពថ្មីមួយទៀតក្នុងប្រវត្តិសាស្រ្តគុនខ្មែររបស់យើងនៅលើឆាកអន្តរជាតិ។

នៅក្នុងការប្រកួត នៅជុំទី១ អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានផ្តួលកីឡាករថៃ Fahsang តាមរយៈជង្គង់ និងកែងឲ្យសន្លប់ក្នុងទឹកទី១ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបកីឡាករអាល្លឺម៉ង់ Elysee Kochiese ដែលបានយកឈ្នះកីឡាករលីប៊ី Lamin Souayah ដោយពិន្ទុនៅជុំទី១។

នៅវគ្គផ្តាច់ព្រ័ត្រ ឈឿង ល្វៃ នៅតែធ្វើបានល្អទៀតដោយបានយកឈ្នះកីឡាករអាល្លឺម៉ង់ Elysee Kochiese ដោយពិន្ទុដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក។ នេះជាខ្សែក្រវាត់ទី១ដែលអ្នកលេងគុនខ្មែររូបនេះបានឈ្នះនៅក្រៅប្រទេស ហើយក៏ជាកីឡាករគុនខ្មែរទី១បានឈ្នះខ្សែក្រវាត់នៅលើទឹកដីហុងកុង ប្រទេសចិន។

គួរជម្រាបផងដែរថា ក្រោយពីភាពជោគជ័យនេះ ឈឿន ល្វៃ ក៏ទទួលបានការឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ពីថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើន ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាការលើកទឹកចិត្តដល់កីឡាករគុនខ្មែររបស់យើង ដែលមានដើមកំណើតមកពីខេត្តកំពង់ធំផងដែរ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២