អបអរសាទរ ទីបំផុតអ្នកចាំទីវិសាខា កីឡាករ កែវ សុខសិលា ចូលរោងជ័យ នៅថ្ងៃនេះហើយ

ភ្នំពេញ៖ អ្នកចាំទីក្លឹបបាល់ទាត់វិសាខា និងជាជម្រើសជាតិកម្ពុជា កីឡាករកែវ សុខសិលា បានចូលរោងជ័យនៅព្រឹកថ្ងៃសុក្រថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤នេះ នៅរាជធានីភ្នំពេញ ។

អតីតអ្នកចាំទីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបនេះ បានសម្រេចចិត្តចូលរោងជ័យជាមួយនឹងភរិយាដ៏ស្រស់ស្អាតដែលមាននាមថា ហង្ស សំអាត ដែលមានស្រុកកំណើតនៅខេត្តកោះកុង  ជាម្ចាស់តារាងបាល់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ក្រោយពីបានមើលចិត្តគ្នាមួយរយៈ ក៏សម្រេចចិត្តដឹកដៃគ្នាចូលរោងជ័យតែម្ដង។ ដោយមានចាស់ទុំដឹងឮព្រមជាមួយនឹងវត្តមានភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំមកពីក្លឹបបាល់ទាត់ធំៗជាច្រើន កីឡាករ កីឡាការិនីនៅក្នុងស្រុក។

ហើយនៅក្នុងពិធីហែលជំនួននាព្រឹកមិញនេះ ក៏មានវត្តមានរបស់លោកជំទាវកែ សួនសុភី ស សុខា ប្រធានក្លឹបបាល់ទាត់វិសាខា ព្រមជាមួយថ្នាក់ដឹកនាំដទៃទៀតរបស់ក្លឹបបានអញ្ជើញមកចូលរួមផងដែរ។

តាមរយៈអ្នកចាំទី កែវ សុខសិលាដែលជាកូនកំលោះបានឱ្យដឹងថា រយៈពេលនៃការស្រឡាញ់មើលចិត្តគ្នាមិនយូរប៉ុន្មាននោះទេ ប៉ុន្តែដោយសារតែយល់ចិត្តគ្នាច្រើនទើបសម្រេចចិត្តចាប់ដៃគ្នាចូលរោងជ័យតែម្ដង ហើយក្រោយពីរៀបការចប់រូបគេនៅតែបន្តអាជីពជាកីឡាករបាល់ទាត់ដដែល ។

សូមជម្រាបផងដែរថា កីឡាករកែវ សុខសិលា បច្ចុប្បន្នមានអាយុ ២៨ឆ្នាំហើយ កីឡាកររូបនេះគឺជាអតីតយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលកាលពីពេលកន្លងទៅ គេបានជួយក្លឹបឲ្យជោគជ័យនៅលើពានរង្វាន់ជាច្រើន ហើយកន្លងមកចូលរួមជួយជំរើសជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើន។ បច្ចុប្បន្ននេះគេកំពុងតែចូលរួមជាមួយនឹងក្លឹបបាល់ទាត់ល្បីឈ្មោះវិសាខា ជាអ្នកចាំទីដែលក្លឹបបាល់ទាត់ដ៏ធំមួយនេះបានទុកចិត្តដាក់ឲ្យចាំទី នៅក្នុងជំនួបប្រកួតធំៗជាច្រើន៕

      

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២