តែមួយយប់ សមត្ថកិច្ចបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លឹបកម្សាន្ត២​កន្លែងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់យកទៅធ្វើតេស្តរកសារធាតុញៀន

កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២​កន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ ​កាលពី​វេលា​ម៉ោង១រំលងអធ្រាត្រឈានចូល​ព្រឹក​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ការចុះបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លឹបកម្សាន្ត២​កន្លែងនេះគឺដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានកម្លាំងស្នងការដ្ឋាននគរ​បាល​ខេត្ត និងក្រុងប៉ោយប៉ែតជាច្រើននាក់ចូលរួមក្នុងប្រតិបត្តិការបង្ក្រាបនេះ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការចុះបង្ក្រាបហាងខារ៉ាអូរខេយីហោ B9.KTV និងក្លឹបកម្សាន្តឡាំ​បូគីនី​LAMBORGHINIនេះ ដោយ​មានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៥០នាក់ ​និង​ទីតាំងទី២-ក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន១២០នាក់។

លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយការចុះប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូរខេ និងក្លឹបកម្សាន្ត២កន្លែងឃាត់ខ្លួនមនុស្សប្រុស.ស្រីជិត២០០នាក់នេះគឺឱ្យកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនយកពួកគាត់ទៅធ្វើតេស្ត បើករកឃើញសារធាតុញៀន និង​មាន​ប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។

លោកស្នងការបានបញ្ជាក់ទៀតថា ការចុះប្រតិបត្តិការបង្ក្រាប នឹងបន្តធ្វើរហូត បើស្រាវជ្រាវរកឃើញមានហាង​ខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនត្រូវមានវិធានការតាមច្បាប់តែម្ដង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀនមិនឱ្យកើតមាន និងដើម្បី​ភូមិឃុំមានសុខសុវត្ថិភាព ៕

    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២