សមត្ថកិច្ចឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន១១នាក់ មកសំងំលាក់ខ្លួនក្នុងផ្ទះសំណាក់មួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ីចំនួន១១នាក់ ក្នុងនោះមានស្រី១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ីបង្ក្រាបចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី ប្រើប្រាស់ រក្សាទុកគ្រឿងញៀន ដោយខុសច្បាប់ ។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះសំណាក់មួយកន្លែង បន្ទប់លេខ៤០៦ និង៤០៥ ជាន់ទី៤ តាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីតំណាងស្ថានទូតឥណ្ឌូនេស៊ី មានជនសង្ស័យមួយក្រុម ពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន បានគេចខ្លួនពីខណ្ឌចំការមន មកសំងំលាក់ខ្លួន ក្នុងភូមិសាស្ត្រសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំងជំនាញ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌធ្វើការស្រាវជ្រាវ ដោយមានការសហការពីតំណាងស្ថានទូតឥណ្ឌូនេស៊ី និងសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះសំណាក់ មានជនបរទេសកំពុងសំងំលាក់ខ្លួន ទីបំផុតនៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងជំនាញខណ្ឌ កម្លាំងប៉ុស្តិ៍រដ្ឋបាលឡើងទៅបង្ក្រាបចាប់ខ្លួនបាន ជនសង្ស័យចំនួន១០នាក់ នៅក្នុងបន្ទប់លេខ៤០៦ ដកហូតបានវត្ថុតាង គ្រឿងញៀន ឧបករណ៍ជក់មួយចំនួន និងនៅបន្ទប់លេខ៤០៥ ឃាត់ខ្លួនស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលក្រុមជនសង្ស័យនាំឱ្យដេកសម្រាកនៅក្នុងបន្ទប់នោះ ។

បើតាមម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា គាត់មិនដែលស្គាល់ក្រុមជនសង្ស័យទាំងនោះទេ ទើបតែនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រុមជនបរទេសទាំងនោះ ចំនួន១០នាក់ មកជួលមួយបន្ទប់ស្នាក់នៅ គាត់ក៏មានការងឿងឆ្ងល់មនុស្សដល់ទៅ១០នាក់ ជួលតែមួយបន្ទប់ បន្ទាប់មកក្រុមទាំងនោះ បានហៅស្ត្រីម្នាក់ទៀត ដោយជួលបន្ទប់ទល់មុខគ្នា កាន់តែសង្ស័យ តែមិនហ៊ានរាយការណ៍ភ្លាមៗទេ រហូតដល់ ខាងសមត្ថកិច្ច ស្រាវជ្រាវ សាកសួររឿងជនបរទេសស្នាក់នៅ រាយការណ៍ប្រាប់ ជាតម្រុយមួយ ដល់កម្លាំងជំនាញ និងតំណាងស្ថានទូត ស្រាវជ្រាវ រហូតដល់ចាប់ឃាត់ខ្លួនបានចំនួន១១នាក់ ស្រី១នាក់ ដកហូតបានថ្នាំញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

ជនសង្ស័យទាំង១១នាក់ បន្ទាប់ពីចាប់ឃាត់ខ្លួនបាន សមត្ថកិច្ចនគរបាលនាំទៅកាន់ផ្នែកជំនាញខណ្ឌ រងចាំអ្នកបកប្រែ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី ។

សូមសរសើរដល់ តំណាងស្ថានទូតឥណ្ឌនេស៊ី បានសហការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីបង្ក្រាបបទល្មើសដែលពួកគេមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា និងបន្តប្រព្រឹត្ត ហើយសមត្ថកិច្ចបង្ក្រាបបានទាន់ពេលវេលា ៕

ដោយ ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២