គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១៨១ករណី ឃាត់ខ្លួនជនសង្ស័យបាន ៥៤៨នាក់ និងរឹបអូសគ្រឿងញៀនបានជិត ២តោន

ភំ្នពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១៨១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥៤៨នាក់ (ស្រី ៣៥នាក់) ជាមួយគ្នានោះបានធ្វើការរឹបអូសគ្រឿងញៀនបានចំនួន ១ ៧៨៣គីឡូក្រាម និង២០៩.៨៣ក្រាម។ ហើយដោយឡែក ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ បង្ក្រាបបានចំនួន ១,៦៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៣,៩០៣នាក់ (ស្រី២៧០នាក់) ធ្វើការរឹបអូសគ្រឿងញៀនបានចំនួន ៨០គីឡូក្រាម ៣៩៥.១២ក្រាម។

លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានណែនាំឱ្យកងកម្លាំងចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងថ្នាក់ដឹកនាំ​ ត្រូវអនុវត្តតាមសេចក្តីប្រកាសឱ្យមានប្រសិទ្ធភាព ពិសេសពាក់ព័ន្ធទៅនឹងក្រមសីលធម៌ វិន័យរបស់កងកម្លាំងនគរបាលជាតិ។​ លោកបានលើកឡើងថា​ ទោះបីកងកម្លាំង បង្រ្កាបបទល្មើសគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក៏ដោយ ក៏បញ្ហាគ្រឿងញៀននេះ នៅតែមិនមានសញ្ញាថមថយនៅឡើយ។ កន្លងទៅថ្មីៗនេះ លោកបានចូលរួមកិច្ចប្រជុំនៅប្រទេសជិតខាង ផ្អែកតាមរបាយការណ៍​ ថាមិនមានប្រទេសណាមួយ ដែលបានថមថយនូវបញ្ហាគ្រឿងញៀននេះទេ។ ដូច្នេះកម្ពុជាក៏ជាប្រទេសដែលរងគ្រោះនូវបញ្ហាគ្រឿងញៀននេះផងដែរ ។

លោកអគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ចំនួន ២ចំណុច​ ទី១.​ កងកម្លាំងត្រូវដកពិសោធន៍នូវកិច្ចការដែលយើងបង្រ្កាបបានករណីធំៗ ត្រូវខិតខំឈ្វេងយល់ និងសិក្សាបន្ថែមទៀត និងទី២.​ ត្រូវខិតខំព្យាយាមលុបបំបាត់​ នូវភាពអសកម្មនូវចំណុចខ្វះខាត ដែលបានអនុវត្តកន្លងមក។

លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ​ បានបញ្ជាក់ថា​ នៅអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដូចនេះទាំងអស់គ្នាត្រូវខិតខំដកពិសោធន៍ល្អៗ ហើយអ្វីដែលខ្វះខាត ត្រូវរួមគ្នាខិតខំលុបបំបាត់ឱ្យអស់ កុំឲ្យលុបបំបាត់នូវស្នាដៃដ៏ធំធេងរបស់សមត្ថកិច្ច ពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌។ ទន្ទឹមនោះ លោកអគ្គស្នងការរងនគរបាលជាតិ ក៏សុំឲ្យបន្តកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិផងដែរ។

លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានគាំទ្រនូវរបាយការណ៍ នៃកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រកាស ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា និងសូមកោតសរសើរ ថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលជាលទ្ធផលបង្រ្កាបបានករណីធំៗ ជាច្រើន ដើម្បីចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម និងសុខមាលភាព ជូនប្រជាពលរដ្ឋ។

 

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានណែនាំបន្ថែមចំនួន៦ចំណុច៖

១.​ ត្រូវគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ជាមន្រ្តីនគរបាលជាតិ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញនីតិវិធី និងច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមានក្នុងគោលបំណងបញ្ចៀសការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ។

២.​ ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបគ្មានការលើកលែងចំពោះបទល្មើសគ្រឿងញៀន គ្រប់ប្រភេទ។

៣.​ បង្កើនការយកចិត្តទុកដាក់ ការស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាដែលនៅសេសសល់ និងករណីជួញដូរ ចែកចាយ កែច្នៃផលិតនូវសារធាតុញៀន។

៤.​ ហាមបង្ក្រាបករណីតូចតាច ដូចជាការប្រើប្រាស់គ្រឿងញៀនជាដើម គឺទុកឲ្យថ្នាក់ក្រោមជាតិជាអ្នកបង្រ្កាប។

៥.​ ផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យចូលរួមឲ្យបានផុសផុលក្នុងការរាយការណ៍ អំពីបទល្មើសគ្រឿងញៀន ក្នុងគោលបំណងចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។

៦.​ បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ដោយបើកវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២