បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តរហូតដល់ជិត២២លាននាក់ កើនលើសបណ្តាឆ្នាំមុនៗ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេសបាននាំគ្នាដើរកម្សាន្តនៅតាមបណ្តារាជធានី ខេត្តយ៉ាងសប្បាយរីករាយ និងយ៉ាងគគ្រឹកគ្រេងបំផុត ដែលមានចំនួនកើនលើសបណ្តាឆ្នាំមុនៗទៅទៀត។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៤ថ្ងៃ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤គឺមានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសសរុបប្រមាណជា ២១.៧០ លាននាក់ ហើយភ្ញៀវទេសចរបរទេសប្រមាណជា ១១ ម៉ឺននាក់។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់ទៅ០៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណជា ១៣,១៣ លាននាក់ប៉ុណ្ណោះ។

ក្រៅពីនេះ គ្រប់រាជធានី ខេត្តមានការរៀបចំសង្រ្កានឆ្នាំថ្មី ដែលជាព្រឹត្តិការណ៍មួយ មានការទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង។ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណជា ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។

ហើយចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានី-ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានាផងដែរ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២