នៅថ្ងៃទី២៥ ខែមេសា​រដ្ឋសភានឹងបន្តសម័យ​ប្រជុំ ដើម្បីប្រកាសសុពលភាព​អាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ដែលបានសុំលាលែង

ភ្នំពេញ៖ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែង ក្នុងនោះមាន ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន។

ការកំណត់ថ្ងៃបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នឹងធ្វើឡើងបន្ទាប់ពីសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។

សូមជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងឯកឧត្តម ប្រាក់ សុខុន  កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤  បានដាក់លិខិតលាឈប់​ពីសមាជិករដ្ឋសភា នីតិកាលទី៧ ដោយត្រូវជាប់ទៅបំពេញភារកិច្ចថ្មី៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២