មិនដឹងថាមានរឿអ្វី! បុរសម្នាក់បានចូលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ៖​ បុរសម្នាក់បានយកកាំបិតចុងស្រួចចូលទៅចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះដោយមិនដឹងមូលហេតុ បណ្តាលឱ្យស្លាប់ រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៣ និង៣០នាទីរសៀល​ ថ្ងៃទី១៨​ ខែមេសា​ឆ្នាំ២០២៤​ នៅបុរីពិភពថ្មី​ ឈូកវ៉ា២​ ផ្លូវលេខ៣៦​ ផ្ទះលេខ៣១​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះស្រីល័ក្ខ​ អាយុ៣៣ឆ្នាំ​  មានប្តីជាជនជាតិចិន​ និងមានកូនប្រុសតូចៗ២នាក់​ ស្នាក់នៅបុរីពិភពថ្មី​ ឈូកវ៉ា២​ ផ្លូវលេខ៣៦​ ផ្ទះលេខ៣១​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា​ មុនពេលកើតហេតុជនរងគ្រោះនៅក្នុងផ្ទះរបស់ខ្លួនដោយកូនប្រុសទាំង២នាក់នៅដេកក្នុងបន្ទប់ជាន់លើ ចំណែកប្តីចេញទៅធ្វើការបាត់​។ លុះមកដល់វេលាកើតហេតុមិនដឹងជនដៃដល់មកពីណានោះទេ​ ពេលបានឃើញស្ត្រីរងគ្រោះក៏ចូលទៅប្រតាយប្រតប់ជាមួយស្ត្រីរងគ្រោះ។ ឃើញដូចនេះប្រជាពលរដ្ឋជិតខាងក៏រត់ទៅជួយតែទៅមិនទាន់ធ្វើឲ្យជនដៃដល់មានឱកាសចាក់ស្ត្រីរងគ្រោះជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចជនដៃដល់បានអារ.កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់។

បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ ហើយក៏បានហ៊ុមព័ទ្ធទីតាំងកើតហេតុ និងបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

បើតាមព័ត៌មានបឋមដែលទទួលបាន ជនដៃដល់ និងនរងគ្រោះជាបងប្អូនជីដូនមួយនឹងគ្នា​ តែមិនដឹងថាមានរឿងអ្វីនោះទេ ទើបកើតរឿងបែបនេះ។ តែទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ករណីខាងលើជារឿងគំនុំឬយ៉ាងណានោះទេ​ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២