ឥឡូវនេះ ពលការិនីខ្មែរចំនួន២៩នាក់ ដែលគេបោកប្រាស់យកទៅប្រទេសអារ៉ាប៊ីសាអូឌីដនោះ ត្រូវវបានជួយសង្គ្រោះហើយ

បន្ទាប់ពីឃើញការបង្ហោះវីដេអូតាមបណ្តាញសង្គមរបស់ពលការិនីខ្មែរចំនួន២៩នាក់ ដែលកំពុងត្រូវបានគេធ្វើបាប ដោយដាក់ឱ្យនៅក្នុងបន្ទប់មួយបិទទ្វារជិត ចាក់សោរពីខាងក្រៅ និងដកទូរស័ព្ទអស់មិនឱ្យមានការទំនាក់ទំនងមកខាងក្រៅ ឬទៅផ្ទះរបស់ពួកគេ។តែជាសំណាងល្អមានម្នាក់ក្នុងចំណោមពួកគេលាក់បានទូរស័ព្ទមួយគ្រឿង ហើយក៏បានថតជាវីដេអូបង្ហោះនៅលើបណ្តាញសង្គមដើម្បីសុំការជួយសង្គ្រោះពីក្រសួងការងារ និងពីប្រមុខរដ្ឋាភិបាលថា ពួកគេកំពុងជាប់នៅក្នុងបន្ទប់មួយ នៅក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីដ​ ប៉ុន្តែឥឡូវនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារបានធ្វើការងារដើម្បីជួយដល់ពលការិនីខ្មែរទាំងនោះរួចហើយ។

បើតាមឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នៅវេលាម៉ោង១១ និង៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ខ្ញុំបានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ត ក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីដ​រួចហើយ ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត លោកបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

ឯកឧត្តមហេង សួរបានបន្តទៀតថា ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្សីបបាននឹងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ។

ហើយឥឡូវនេះ រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួចហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេងទៀតនឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។

ក្នុងការសន្ទនាជាមួយខ្ញុំ បងប្អូនពលការិនីយើងបានថ្លែងអំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងភាគីពាក់ព័ន្ធ ដែលបានចាត់វិធានការទាន់ពេលវេលា​ជួយបងប្អូនបានវិលត្រឡប់មកប្រទេសកំណើតវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។សូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព និងឆាប់បានវិលត្រឡប់មកជួបជុំគ្រួសារវិញ៕

  

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២