សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការការពារជាតិ ជាកិច្ចការត្រូវធ្វើជាប់ជាប្រចាំ ហើយកងកម្លាំងជាកម្លាំងស្នូលលើកិច្ចការការពារជាតិ

នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។

អគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋានដែលសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កិច្ចការការពារជាតិ ជាកិច្ចការត្រូវធ្វើជាប់ជាប្រចាំ ហើយកងកម្លាំងជាកម្លាំងស្នូលលើកិច្ចការការពារជាតិ។ ដើម្បីពង្រឹងសមត្ថភាពនាយទាហានលើកិច្ចការការពារជាតិ ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាល។សម្តេចធិបតីបានណែនាំគិតគូរពីការជ្រើសរើសនាយទាហាន និងពលទាហាន ឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន តាមការស្នើសុំរបស់ នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតជាសាកលវិទ្យាធិការ កសាងអគារខ្នាតធំនៅទីនេះចំនួន៣ខ្នង អគារសាលសហសិក្សាចំណុះ ៣៥០០នាក់ អគារ-ស្នាក់នៅនិស្សិតខ្នាតអន្តរជាតិ២ខ្នង ៥ជាន់មាន១០០បន្ទប់ អគារអាហារដ្ឋាន ដែលយើងទើបនឹង កាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បន្ថែមពីលើអគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ ដែលសម្តេចផ្ទាល់បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលបើកវគ្គ សិក្សាឆ្នាំ២០២៣។

សម្តេចធិបតីបានថ្លែងថា យើងនៅតែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ច។នៅចំពោះមុខសភាពការណ៍ បញ្ហាប្រឈមនិងកាលានុវត្តភាព នៃបរិបទទូទៅលើសាកលលោក ក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេស ទន្ទឹមនឹងការអនុវត្តភារកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព រាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនយោបាយឈ្នះ! ឈ្នះ!។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវបន្តធ្វើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទចាប់ពីស្ថាប័នថ្នាក់ ដឹកនាំបញ្ហា រហូតដល់កងឯកភាពឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវបំផុត។ត្រូវពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង. សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការនិងវិន័យល្អ ការពារបានរឹងមាំ នូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកលនិងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស។ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិយើង ទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា។

ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាពត្រូវអនុវត្តតាមគោលការណ៍” វិសមិតមុខងារតួនាទីភារកិច្ច” របស់ស្ថាប័នកងឯកភាពដើម្បីលុបបំបាត់ភាព”ត្រួតគ្នា“ឲ្យបានសម្រេចតាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់ម៉តចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ហាការដ្ឋាន កងឯកភាព នានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយគ្នានេះសមាមាត្រនៃបរិមាណរវាង នាយទាហាន និង ពលទាហាន ត្រូវឲ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវ ស្ថានភាពចំនួន «ទ័ពលើសតែខ្វះ» និង «ខ្វះតែលើស»។ ការជ្រើសរើសតែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ “គុណាធិបតេយ្យ ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ក្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា៕

       
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២