សោកស្តាយខ្លាំង! Manchester City ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League

ភ្នំពេញ៖  Manchester City បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League បន្ទាប់ពីចាញ់ក្រុម Real Madrid ដោយការទាត់ប៉េណាល់ទី១១ម៉ែត្រកាត់សេចក្ដី ។ក្រុមមកពីកំពូលតារាង Premier League 2023-2024 គឺមេឃខៀវ Man City បានចាញ់ Real Madrid ក្នុងកីឡដ្ឋាន Etihad របស់ខ្លួនដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-៣ ក្រោយពេលប្រកួត ១២០នាទីទទួលបានលទ្ធផលស្មើគ្នា ១-១ ដោយកីឡាករ Rodrygo នៅនាទី១២ មុនពេល Kevin de Bruyne រកបានគ្រាប់តាមស្មើសម្រាប់ Man City នៅនាទី៧៦។ រហូតដល់ចប់ការប្រកួត ១២០នាទី ដ្បិតកាលជើងទី១ នៅទឹកដីអេស្ប៉ាញបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ដែលនាំឱ្យការទាត់បាល់ ១១ម៉ែត្រកើតមានឡើង បន្ទាប់ពី UEFA បានសម្រេចលុបចោលច្បាប់គ្រាប់បាល់ក្រៅដីរួចមក។

ជាលទ្ធផលក្រុមអធិរាជស Real Madrid ដែលដឹកនាំដោយបុរសសញ្ជាតិអ៊ីតាលី Carlo Ancelotti បានយកឈ្នះក្រុមរបស់លោក Pep Guardiola ក្នុងលទ្ធផល ៤-៣ តែម្តង ដោយត្រូវទៅជួប Bayern Munich របស់អាល្លឹម៉ង់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ្បិតក្រុមខ្លារខិនបានយកឈ្នះកាំភ្លើងធំ Arsenal ១ទល់នឹង០ ដើម្បីបញ្ចប់ជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ។

 

ទោះបី Man City មិនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែលោក Pep Guardiola ជាគ្រូបង្វឹកនៅតែកោតសរសើរកូនក្រុមរបស់លោក។ ជាពិសេសលោកមិនបានសោកស្ដាយចំពោះការចាញ់ Real Madrid ដោយសារការប្រកួត៩០នាទីនៅក្នុងកីឡដ្ឋាន Etihad ក្រុមរបស់លោកបានគ្រប់គ្រងការប្រកួតយ៉ាងល្អ ជាពិសេសបានបង្កើតឱកាសស៊ុតជាច្រើនលើក។

Man City បង្កើតឱកាស៣៣លើក ចំគោលដៅ៩លើក គ្រប់គ្រងបាល់៦៨% បញ្ជូនបាល់បាន៩២០លើក និងទាត់បាល់ជ្រុង១៨លើក។ ក្រុមភ្ញៀវ Real Madrid បង្កើតឱកាសស៊ុត៨លើក ចំគោលដៅ៣លើក គ្រប់គ្រងបាល់៣២% បញ្ជូនបាល់៣៥៧លើក និងទាត់បាល់ជ្រុង១លើក។

គួរជម្រាបផងដែរថា ៤ក្រុមដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺមាន ៣ក្រុមដែលធ្លាប់ឈ្នះពាន UCL គ្រាដែល Real Madrid ធ្លាប់ឈ្នះដល់ទៅ ១៤លើកច្រើនជាងគេ និងគូប្រជែង Bayern Munich ធ្លាប់លើកពានបាន ៦លើក លើកលែងតែ Paris Saint-Germain ពុំធ្លាប់ឈ្នះនោះទេ បានត្រឹមរងជើងឯកម្តងកាលពីឆ្នាំ២០២០ នៅពេល Borussia Dortmund ធ្លាប់ឈ្នះ ១លើកកាលឆ្នាំ១៩៩៧ និងរងជើងឯកនៅឆ្នាំ២០១៣៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២