​អ៊ីស្រាអែលបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់វិញហើយ ឥឡូវនេះមានការផ្ទុះនៅក្នុងខេត្ត Isfahan ភាគកណ្តាលនៃប្រទេសនេះ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅក្នុងខេត្ត Isfahan ភាគកណ្តាលនៃប្រទេស នាព្រឹកថ្ងៃសុក្រទី១៩ ខែមេសានេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់សម្តីមន្ត្រីដែលនិយាយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារសងសឹកទៅលើគូប្រជែងរបស់ខ្លួន។ ប្រព័ន្ធ​ការពារ​អាកាស​លើ​ទីក្រុង​ជាច្រើន​របស់​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​ធ្វើ​ការយ៉ាង​សកម្ម​ បន្ទាប់​ពី​ទូរទស្សន៍​ផ្លូវការ​របស់​ប្រទេស​នេះ​បាន​និយាយ​ថា ​ការ​ផ្ទុះ​ត្រូវ​បាន​ឮ​នៅ​ជិត​ទីក្រុង Isfahan។

កន្លងមក អ៊ីស្រាអែលធ្លាប់បានព្រមានថា ខ្លួននឹងវាយបកវិញ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅវាយប្រហារលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ហើយ មីស៊ីល និងយន្តហោះគ្មានមនុស្សបើកភាគច្រើនត្រូវបានស្ទាក់ចាប់។ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់បានរាយការណ៍ថា ការផ្ទុះចំនួនបី ត្រូវបានឮនៅជិត Qahjavarestan ជិតព្រលានយន្តហោះ Isfahan និងមូលដ្ឋានទ័ពអាកាស Shekari ខណៈដែលអ្នកនាំពាក្យទីភ្នាក់ងារអវកាសអ៊ីរ៉ង់ Hossein Dalirian បាននិយាយថា យន្តហោះគ្មានមនុស្សបើក ជាច្រើនត្រូវបានបាញ់ទម្លាក់ដោយជោគជ័យ ។ Dalirian បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មិនមានរបាយការណ៍នៃការវាយប្រហារដោយមីស៊ីលនោះទេ ។

ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបាននិយាយថា របាយការណ៍បង្ហាញថាមិនមានការខូចខាតធំដុំ ឬការផ្ទុះដ៏ធំដែលបណ្តាលមកពីផលប៉ះពាល់នៃការគំរាមកំហែងតាមអាកាសណាមួយឡើយ ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បាននិយាយថា ទីតាំងនុយក្លេអ៊ែរនៅ Isfahan ត្រូវបានគេរាយការណ៍ថា មានសុវត្ថិភាពទាំងស្រុង។ ABC និង CBS News បានរាយការណ៍ថា ការវាយប្រហារត្រូវបានធ្វើឡើងដោយអ៊ីស្រាអែល ដោយដកស្រង់សម្តីមន្ត្រីអាមេរិក។ មិនមានការអត្ថាធិប្បាយភ្លាមៗពីសេតវិមាន ឬមន្ទីរបញ្ចកោណនោះទេ។

CNN បានដកស្រង់សម្តីមន្ត្រីម្នាក់ដែលនិយាយថា គោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល មិនមែនជានុយក្លេអ៊ែរទេ។ យោធាអ៊ីស្រាអែលបានប្រាប់ AFP ថា “យើងមិនមានការអត្ថាធិប្បាយទេនៅពេលនេះ” ។ យោងតាមក្រុមសកម្មជនក្នុងស្រុកបានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែកក៏ត្រូវបានរាយការណ៍ផងដែរនៅភាគខាងត្បូងប្រទេសស៊ីរី។ លោក Rayan Maarouf ដែលគ្រប់គ្រងគេហទំព័រប្រឆាំងរដ្ឋាភិបាល Suwayda24 ដែលផ្សាយព័ត៌មានពីខេត្ត Sweida នៅភាគខាងត្បូងបាននិយាយថា “មានការវាយប្រហារទៅលើទីតាំងរ៉ាដារបស់កងទ័ពស៊ីរី” ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២