ប្រធានរដ្ឋឡាវនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២៣-២៤ ខែមេសានេះ

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថង លុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិ ត ឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។

នៅអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមប្រធានរដ្ឋឡាវ នឹងចូលបង្គំគាល់សវនាការជាមួយព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានរដ្ឋ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា។ ភាគីទាំងពីរ នឹងពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។

 

ឯកឧត្តមប្រធានរដ្ឋឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

 

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និងសាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមនៃប្រទេសទាំងពីរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២