អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន៤៧ ករណី មានជនសង្ស័យ ចំនួន ២៥៧នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៩១នាក់ ដែលពាក់ព័ន្ធនឹងបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឱ្យខូចខាត ដោយចេតនា, លួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំង ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមចៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕


