កាលពីជាង១០ឆ្នាំមុន ករណីជះទឹកអាស៊ីតបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា ដែលករណីភាគច្រើនជាវិវាទស្នេហាត្រីកោណ ប្តីប្រចណ្ឌប្រពន្ធ ប្រពន្ធប្រចណ្ឌប្តីជាដើម ដែលធ្វើឱ្យជនរងគ្រោះមួយចំនួនមានពិការភាពរហូតមកដល់សព្វថ្ងៃនេះ ហើយក៏មានជនរងគ្រោះខ្លះទៀតបានបាត់បង់អាយុជីវិតដោយសារតែទឹកអាស៊ីតនេះ ក៏មានដែរ។ប៉ុន្តែរឿងរ៉ាវទាំងអស់នេះបានស្ងប់ស្ងាត់បាត់មួយរយៈធំ ទើបតែមានមួយករណីទៀតបានកើតឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ម្សិលម៉ិញនេះ ដោយស្ត្រីម្នាក់ត្រូវបានប្តីចិត្តអប្រិយជះទឹកអាស៊ីតស្រោចពេញខ្លួនប្រាណបានធ្វើឱ្យស្ត្រីជាប្រពន្ធរងគ្រោះយ៉ាងធ្ងន់ធ្ងរត្រូវបានសាច់ញាតិយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីជះទឹកអាស៊ីតនេះ អ្នកទាំងពីជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែរស់នៅមិនចុះសម្រុងគ្នានោះទេនាពេលកន្លងមក ដោយសារតែបុរសជាប្តីចិត្តអប្រិយរូបនោះ បានប្រើប្រាស់គ្រឿងញៀន ហើយមិនមានទំនួលខុសត្រូវក្នុងគ្រួសារ ទើបប្រពន្ធចង់លែងលះដោះស្រាយនៅសាលាឃុំបីទៅបួនដងមកហើយ ដោយខាងស្រីមិនព្រមយកវិញឡើយ តែខាងប្រុសក៏មិនព្រមលែងលះគ្នាដែរ ហើយចេះតែតាមរករឿងស្ត្រីជាប្រពន្ធរហូត។ ជនរងគ្រោះជាប្រពន្ធមានឈ្មោះភួង ថាវី មានទីលំនៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណែកជនបង្កជាប្តីមានឈ្មោះ យឹម រដ្ឋា អាយុ 40ឆ្នាំ ស្រុកកំណើតនៅខេត្តស្វាយរៀង ។

បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការឃាត់ខ្លួនប្តីចិត្តអប្រិយរូបនោះយកទៅសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សំណាង

