សាហាវខ្លាំងណាស់! គ្រាន់តែទំនាស់ពាក្យសម្តីបន្តិចបន្តួច បងសម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួនគ្មានក្តីមេត្តា

ខេត្ត​បន្ទាយមានជ័យ ៖ សមត្ថកិច្ចចាប់បានហើយ ឃាតករដែលបានវាយសម្លាប់បុរសម្នាក់គឺជាបងប្រុសបង្កើតរបស់ជនរងគ្រោះ ត្រូវ​បានចាប់ខ្លួននៅពេលរត់គេចខ្លួនទៅពួននៅផ្ទះ​សាច់ញាតិ ហើយ​ត្រូវឃាត់ខ្លួនបាននៅវេលាម៉ោង១០ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប ។

គួររំលឹកផងដែរថា ឃាតករដៃដល់ជាបងប្រុសបង្កើតរបស់ជនរងគ្រោះធ្លាប់​ប្រមា​ថ​ជីវិត​ប្អូន​ម្តង​ ជា​២​ដងរួចមកហើយ លុះ​លើក​នេះ​លើកដៃ​ផ្តា​ច់​ជីវិតប្អូនបង្កើតរបស់ខ្លួនតែម្តង រួច​ដើរទៅ​ប្រាប់​ម្តាយ ហើយរត់​គេចខ្លួន​បាត់។ករណីឃាតកម្មបងប្រុសវាយសម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួននេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយឃាត់ករមានឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុសអាយុ៣២ឆ្នាំ(មុខរបររត់តាក់ស៊ី)ត្រូវជាបងបង្កើតជនរងគ្រោះដែលស្លាប់ឈ្មោះ ស្រង់ នេត្រា ភេទប្រុសអាយុ៣០ឆ្នាំ(មុខរបរលក់បាយ)រស់នៅភូមិ ឃុំកើតហេតុ។

បន្ទាប់ពីមានករណីឃាតកម្មកើតឡើងភ្លាម កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានចុះទៅដល់កន្លែងកើតហេតុបានពិនិត្យ និងធ្វើកោសលវិច្ឆ័យថា ជាករណីឃាតកម្មបងប្រុសយកចបជីកដែកវាយទៅលើប្អូនប្រុសបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លក់ឈាម ហើយបានបើករថយន្តផ្ទាល់ខ្លួនរត់គេចបាត់ទាំងកណ្តាលយប់ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃាតករដើម្បីចាប់ខ្លួន។

មិនយូរប៉ុន្មានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានឃាតករដៃដល់នៅវេលាម៉ោង១០ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប ខណៈពេលឃាតករបានបើករថយន្តគេចខ្លួនទៅស្នាក់នៅផ្ទៈសាច់ញាតិខាងប្រពន្ធ ដើម្បីយកមកធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២