កំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិទ្យា អគ្គស្នងការរងនគរបាលជាតិ បានឡោមព័ទ្ធ និងឆ្មក់ចូលទីតាំងល្បែងដ៏ធំមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ៣២ ក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ប្រតិបត្តិការនោះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយសមត្ថកិច្ចឃាត់ខ្លួនជនបរទេសបានប្រមាណជាង ១០០០នាក់។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ទីតាំងល្បែងដ៏ធំ ដែលសមត្ថកិច្ចក្រសួងឆ្មក់ចុះទៅបង្ក្រាបនេះ មានកម្លាំងប្រតិបត្តិការឡោមព័ទ្ធប្រមាណជិត ២០០នាក់ លើទីតាំងល្បែងអនឡាញដ៏ធំនោះ។


ទីតាំងល្បែងអនឡាញដ៏ធំខាងលើនោះជ្រកក្នុងរូបភាពជារោងចក្រដំណាប់ស្វាយ បានបើកលេងល្បែងអនឡាញនេះជាយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ។បើតាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងនេះ មិនអនុញ្ញាតឱ្យនរណាម្នាក់ទៅឈប់ ឬចតរថយន្តក្បែរនោះឡើយ ប្រសិនជាមានការឈប់ ឬចតគឺមានសន្តិសុខមកដេញចេញភ្លាមៗ។ កុំថាឡើយប្រជាពលរដ្ឋ សូម្បីសមត្ថកិច្ចមូលដ្ឋានក៏មិនអាចទៅក្បែរនោះបានដែរ។


សូមបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ ដែលភាគច្រើនជាជនជាតិចិន និងកូរ៉េ សរុបប្រមាណជាង ១០០០នាក់ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដតាមនីតិវិធី៕

ដោយ៖ សំណាង

