ភ្នំពេញ៖ ក្មេងទំនើងមួយក្រុមមានគ្នាប្រមាណជាង១០នាក់បានដេញវាយទៅលើយុវជន២នាក់ ធ្វើឲ្យជនរងគ្រោះភ័យ បើកម៉ូតូចូលហាងខារ៉ាអូខេឲ្យគេជួយ។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២០០៤ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។


ប្រភពព័ត៌មានពីជនរងគ្រោះទាំង២នាក់បានឲ្យដឹងថា ខ្លួនជិះ ម៉ូតូម៉ាកហុងដាប៊ីតពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1KT-9309 នៅមុនពេលកើតហេតុពួកគេបានជិះម៉ូតូមក ពីម្តុំផ្សារដើមថ្កូវហើយមកផ្ទះនៅម្តុំមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញលុះធ្វើដំណើរមកដល់ផ្លូវ ២០០៤ នៅ ម្តុំខាងកើតស្តុបវត្តអង្គតាមិញ ស្រាប់តែឃើញក្មេងទំនើងមួយក្រុមមានគ្នាប្រហែលជាង១០នាក់ ខ្លះជិះម៉ូតូ១ មានគ្នា២នាក់ ខ្លះ១ម៉ូតូមានគ្នា៣នាក់ ប្រដាប់ដោយខ្សែក្រវាត់ និងមានកាំបិតដោយដេញវាយពួកគេបណ្តាលឲ្យត្រូវមួយខ្សែក្រវ៉ាត់ បណ្តាលឲ្យរងរបួស បន្ទាប់មកជនរងគ្រោះភ័យខ្លាំងក៏នាំគ្នាជិះម៉ូតូចូលក្នុងខារ៉ាអូខេនៅម្តុំស្តុបវត្តអង្គតាមិញនៅផ្លូវ ២០០៤ ឱ្យគេជួយ បណ្តាលឲ្យនារី ៗខារ៉ាអូខេផ្អើលពេញហាង ។ ចំណែកឯក្រុមក្មេងទំនើងខាងលើបាននាំគ្នាជិះម៉ូតូ រត់គេចអស់។


បន្ទាប់ពីកើតហេតុបានមួយសន្ទុះទើបពួកគេនាំគ្នាចេញពីក្នុងហាងខារ៉ាអូខេ ដោយមិនបានទៅ ដាក់ពាក្យបណ្ដឹងនោះឡើយគឺពួកគេនាំគ្នាជិះ ម៉ូតូទៅផ្ទះវិញបាត់៕

ដោយ ៖វិសាល

