ស្ត្រីជាជនជាតិថៃ២នាក់ និងទារិកា២នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងស៊ីឈ្នួលពរពោះ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាជនជាតិថៃ ចំនួន០២នាក់ និងទារិកា០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញពីកម្ពុជា។   នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញស្ត្រីទាំង២នាក់នោះចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើស ជួញដូរមនុស្ស និងមានគោលដៅក្នុងរូបភាពស៊ីឈ្មួលពរពោះខុសច្បាប់នៅកម្ពុជា ។

ការប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជាដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ុម សុធី នាយរងផ្នែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងខាងភាគីថៃដឹកនាំដោយលោកអនុសេនីយ៍ឯក SURAPOS KRUATANAKUL នាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជារយៈពេល ០៣ឆ្នាំ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២