ភ្នំពេញ៖ នារីជាកម្មកររោងចក្រម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួន រួចចាក់សោរខាងក្រៅ ហើយរត់គេចខ្លួនបាត់ រហូតមានក្លិនស្អុយធ្វើឱ្យផ្អើលដល់អ្នករស់នៅជិតខាង។ហេតុការណ៍នេះ បង្កកាភ្ញាក់ផ្អើលកាលពី២រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅបន្ទប់ជួលលេខ៦៦ ជាន់ទី២ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុន សេន អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងលាន ឃុំព្រែកក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុមានប្រធានក្រុមដែលធ្វើការនៅរោងចក្រជាមួយគ្នាបានខលតាមទូរស័ព្ទមកម្ចាស់ផ្ទះជួលដោយប្រាប់ថា ឲ្យជួយទៅមើលកូនក្រុមរបស់គាត់ដែលបានជួលបន្ទប់ស្នាក់នៅ បន្ទប់លេខ៦៦នៅជាន់ទី២ផង ព្រោះបាត់មុខអត់ឃើញទៅធ្វើការអស់រយៈពេល៣ថ្ងៃមកហើយ ។ បន្ទាប់មកម្ចាស់ផ្ទះជួលក៏បានឡើងទៅមើល ក៏ឃើញចាក់សោរពីខាងក្រៅតែមានក្លិនស្អុយភាយចេញមកពីខាងក្នុង ភ្លាមៗនោះម្ចាស់ផ្ទះសង្ស័យមានមនុស្សស្លាប់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យជាក់ស្តែង។

បន្តិចក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ឃើញជនរងគ្រោះត្រូវបានឃាតករយកខ្សែស្បែកជើងរិតចងជាប់ជាមួយចម្រឹងបង្ហូច ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ៖វិសាល

